ខេត្តស្វាយរៀង៖ ទីតាំងការាសសាំងថ្មីដែលសង់រំលោភលេីដីផ្លូវរបស់រដ្ឋក្នុងក្រុងស្វាយរៀងមួយកន្លែងត្រូវបានលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បញ្ជាឱ្យមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធដឹកនាំកម្លាំងរួមទាំងគ្រឿងចក្រធ្វេីការកាយកម្ទេចចោលនូវសំណង់ដែលសង់រំលោភមកលេីផ្លូវសាធារណៈរបស់រដ្ឋ។
ការបញ្ជាឱ្យឈូសកម្ទេចចោលសំណង់ដែលសង់រំលោភមកលេីផ្លូវសាធារណៈរបស់រដ្ឋនេះធ្វើឡើងនៅរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២១ស្ថិតនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានការចូលរួមពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
យោងតាមមន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់របស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចាត់ឱ្យមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធដឹកនាំកម្លាំងរួមទាំងគ្រឿងចក្រធ្វេីការកាយកម្ទេចចោលនូវសំណង់ដែលសង់រំលោភមកលេីផ្លូវសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ប្រភពបន្តថា ទីតាំងការាសសាំងថ្មីនេះកន្លងមកក្រោយពីមានការសង់រំលោភលេីផ្លូវសាធារណៈរបស់រដ្ឋ អាជ្ញាធរពាក់ព័ន្ធបានចុះទៅធ្វេីការណែនាំជាបន្តបន្ទាប់ ប៉ុន្តែម្ចាស់ការាសសាំងនេះនៅតែបន្តធ្វេីខុសពីច្បាប់អនុញ្ញាត ទេីបនៅរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២១នេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យឈូសកម្ទេចចោលតែម្តង ដោយរក្សាទុកនៅត្រឹមតែដីកម្មសិទ្ធិរបស់ម្ចាស់ទីតាំងការាសសាំងនេះតែប៉ុណ្ណោះ៕
ដោយ៖យឹម សុថាន