ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបបើកបុករបាំងថ្មសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ខ្វះការប្រុងប្រយ័ត្នជ្រុលល្បឿនទៅបុករបាំងថ្មសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតរថយន្តផ្នែកខាងមុខ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង ៣០ នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវR3 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជាជនជាតិចិនបានបើករថយន្តមួយគ្រឿង ម៉ាក ឡិចសុីស LM300h ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BM-9111 បានធ្វើដំណើតាមបណ្តោយបេតុង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចផ្លូវបេតុងកែងផ្លូវR3 រថយន្តក៏បានបត់ឆ្វេងឡើងទៅផ្លូវR3 ពេលកំពុងបត់ស្រាប់តែរយន្តជ្រុលល្បឿនរ៉េចង្គូតទៅបុករបាំងថ្មសួនច្បារពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខជាច្រើន និង ផ្ទុះពោងខាងក្នុង តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចពិនិត្យមើលឃើញថា រថយន្តខាងលើបង្កគ្រោះថ្នាក់តែឯកឯងមិនប៉ះពាល់ដល់អ្នកធ្វើដំណើរ និងខូចខាតរបាំងថ្ម ទើបសមត្ថកិច្ចសម្រេចឲ្យម្ចាស់រថយន្តយកទៅជួសជុលដោយខ្លួនឯង៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖