ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដោយបញ្ជាក់ថា, ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃតួនាទីរបស់កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) សម្រាប់ កិច្ចសន្ទនា និងសហប្រតិបត្តិការលើយុទ្ធសាស្ត្រទូលំទូលាយ បញ្ហានយោបាយ និងសេដ្ឋកិច្ចដែលជា ចំណាប់អារម្មណ៍ និងក្តីកង្វល់រួម ការពង្រឹងពហុភាគីនិយម និងការថែរក្សានូវនិម្មាបនកម្មតំបន់ ដែលឈរលើគោលការណ៍ច្បាប់សម្រាប់ទំនាក់ទំនងអន្តររដ្ឋប្រកបដោយការស្ថាបនា និងការលើក កម្ពស់ជំនឿទុកចិត្តជាយុទ្ធសាស្ត្រ។

ថ្នាក់ដឹកនាំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុង តំបន់ ដោយគិតគូរពិចារណាដល់គោលការណ៍ដែលមានចែងនៅក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ច សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ ថ្នាក់ដឹកនាំបានទទួលស្គាល់នូវវឌ្ឍនភាពជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ក្រោមផែនការសកម្មភាពទីក្រុងម៉ានីល ដើម្បីជំរុញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពី គំនិតផ្តួចផ្តើមអភិវឌ្ឍន៍កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០១៨-២០២២) និងបានទន្ទឹងរង់ចាំដល់ការ អភិវឌ្ឍផែនការសកម្មភាពថ្មី។

ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មីអំពីភាពចាំបាច់ដើម្បីផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងការ ចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព មានសុវត្ថិភាព ធានាគុណភាព និង មានតម្លៃសមរម្យ និងដើម្បីបង្កើតកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយគ្មានរបៀបវារៈនយោបាយ និងមនោគមវិជ្ជា។ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ ផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ក្នុងការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននៃជំងឺរាតត្បាតកូវីដ ១៩ និងក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយភាពរឹងមាំ និងបរិយាប័ន្ន។ ក្នុងន័យនេះ ថ្នាក់ ដឹកនាំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើការរួមគ្នា ដើម្បីសម្រួលដល់លំហូរទំនិញ និងសេវាកម្ម ជាពិសេសទំនិញនិងសេវាកម្មទាំងឡាយណាដែលមានសារៈសំខាន់បំផុតក្នុងការជួយដល់សុខភាព សុខុមាលភាព និងជីវភាពរស់នៅ។

លោកវេជ្ជបណ្ឌិត Tedros . Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) និងលោកស្រីបណ្ឌិត Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏បានធ្វើបទបង្ហាញជូនអង្គប្រជុំអំពីទិដ្ឋភាពផ្នែកសុខភាពសាធារណៈ និងពាណិជ្ជកម្ម ន វិធានការបង្ការជំងឺកូវីដ-១៩ ដែលកំពុងត្រូវបានអនុវត្តដោយស្ថាប័នសាកលទាំងពីរនេះ។ ក្នុងការ ដោះស្រាយគម្លាតវ៉ាក់សាំងដ៏ធំសម្បើម អគ្គនាយកអង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យ មានសន្ធិសញ្ញាចងភ្ជាប់តាមផ្លូវច្បាប់ ដើម្បីភ្ជាប់ការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាត ខណៈដែល អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយរបាំង ពាណិជ្ជកម្ម បង្កើនការផលិត និងចែកចាយវ៉ាក់សាំងដោយគ្មានការរារាំង ជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ ឯកទេស និងគាំទ្រការលើកលែងកម្មសិទ្ធិបញ្ញាសម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យដាក់បញ្ចូលចំនុចអាទិភាពសំខាន់ៗចំនួន៤ ទៅក្នុងផែនការ សកម្មភាពកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS PoA) ថ្មី ឆ្នាំ២០២៣-២០២៧ រួមមាន៖ (១) ការពង្រឹង សន្តិសុខសុខភាពសាធារណៈ (២) ការលើកកម្ពស់សហគ្រាសខ្នាតមីក្រូតូច និងមធ្យម (MSMEs) និងការផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្រ្តី និងយុវជន (៣) ការស្តារឡើងវិញ និងជំរុញកំណើន សេដ្ឋកិច្ច តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់ភស្តុភារ សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក ដោយធ្វើការជំរុញឌីជីថលូបនីយកម្ម រផ្លាស់ប្ដូរ ឧស្សាហកម្ម និង (៤) ថាមពលប្រកបដោយចីរភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រចំពោះការអនុម័ត «សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ EAS ស្តីពីកំណើនសេដ្ឋកិច្ច តាមរយៈការស្តារវិស័យទេសចរណ៍ឡើងវិញ» និង «សេចក្តីថ្លែងការណ៍ របស់ថ្នាក់ដឹកនាំ EAS ស្តីពីការស្ដារឡើងវិញប្រកបដោយចីរភាព» ដែលជាផ្នែកនៃកិច្ចខិតខំប្រឹង ប្រែងដើម្បីពន្លឿនការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គម តាមរយៈការបើកឡើងវិញនូវការធ្វើដំណើរ ឆ្លងកាត់ព្រំដែន ក្នុងចំណោមវិធានការដទៃទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអះអាងជាថ្មីនូវសារៈសំខាន់នៃការថែរក្សាអាស៊ីអាគ្នេយ៍ជាតំបន់ សន្តិភាព និងស្ថិរភាព ហើយគ្មានអាវុធនុយក្លេអ៊ែរ និងបានរំលឹកឡើងវិញថា រាល់គំនិតផ្តួចផ្តើម នានា រួមទាំងសម្ព័ន្ធភាពយោធាផងដែរ គួរគោរពមជ្ឈភាពអាស៊ាន មានលក្ខណៈបំពេញបន្ថែមទៅ លើយន្តការដែលមានស្រាប់ និងអនុលោមតាមគោលការណ៍នៃការគោរពគ្នា និងផលប្រយោជន៍ទៅ វិញទៅមក ដើម្បីរក្សាស្ថិរភាព សន្តិសុខ សន្តិភាព និងវិបុលភាពក្នុងតំបន់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖