ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សត្វទោចថ្ពាល់លឿង ត្រូវបានកត់ ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ សត្វទោចប្រភេទនេះ មានវត្តមានតែនៅក្នុងភាគខាងកើត នៃប្រទេសកម្ពុជា និងភាគខាងត្បូង នៃប្រទេសវៀតណាមប៉ុណ្ណោះ។ មិនទាន់មានទិន្នន័យច្បាស់លាស់ថាសត្វតូចថ្ពាល់លឿងមានចំនួនប៉ុន្មានក្បាលនៅលើពិភពលោកនោះទេ តែប្រទេសកម្ពុជាត្រូវបានគេជឿថាមានវត្តមានសត្វទោចថ្ពាល់លឿងច្រើន ហើយដែនជម្រកសត្វព្រៃកែវសីម៉ាមានវត្តមានប្រភេទនេះច្រើនជាងគេបំផុត តាមការប៉ាន់ស្មាន មានប្រហែល ៦៦៩ក្រុម ឬស្មើប្រមាណ ១០០០ ក្បាល។
កូនទោចថ្ពាល់លឿងមានសម្បុរពណ៌លឿង ហើយនឹងប្រែពណ៌តាមភេទរបស់វា។ សត្វទោចឈ្មោលមានរោមពណ៌ខ្មៅ ហើយថ្ពាល់ទាំងសងខាង មានពណ៌លឿង ចំណែកសត្វទោចញីមានរោមពណ៌លឿងស្លាទុំ។ ពួកវាមានដៃជើងវែងៗ ហើយគ្មានកន្ទុយនោះទេ លើសពីនេះគេកម្រឃើញសត្វទោចចុះមកដីណាស់។ មេទោចត្រូវចំណាយពេលពពោះ រយៈពេល ២១០ ថ្ងៃ ក្រោយពីកើតកូនហើយយ៉ាងហោចណាស់ ២ ឬក៏ ៣ ឆ្នាំដែរទើប មេទោចថ្ពាល់លឿងមានកូនម្ដងទៀត។
សត្វទោចថ្ពាល់លឿងជាទម្លាប់តែងតែរស់នៅជាក្រុមចាប់ពី២ក្បាលទៅ៥ក្បាល។ ទោចថ្ពាល់លឿងចូលចិត្តរស់នៅលើដើមឈើខ្ពស់ៗ ចិញ្ចឹមជីវិតដោយស៊ីស្លឹកឈើ និងផ្លែឈើជាចំណីអាហារ និងតែងតែបញ្ចេញសំឡេ ងឆ្លើយឆ្លងគ្នាបង្កើតជាចម្រៀងយ៉ាងគ្រលួចនាពេលព្រឹកព្រលឹម។
ភ្ញៀវទេសចរអាចមកទស្សនា និងស្តាប់សំនៀងដ៏ពីរោះរណ្តំរបស់សត្វទោចថ្ពាល់លឿងនៅជំរំ Jahoo Gibbon នៅសហគមន៍អេកូទេសចរណ៍ធម្មជាតិអណ្តូង ក្រឡឹងដែលមានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី៕
ដោយ៖ ស តារា