ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម

ចែករំលែក៖

ភ្នំពេញ៖ យោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូសន្និសីទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយលោក ផាម ប៊ីញ មីញ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានរយៈពេល៣ថ្ងៃ គឺចាប់ពី២៦-២៨ ខែតុលា ឆ្នាំ២០២១ ដោយមានការចូលពី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ, ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រទេសសង្គមនិយមវៀតណាម, គណៈកម្មាធិការចំរុះកិច្ចការព្រំដែន, គណៈរដ្ឋមន្ដ្រី, អគ្គលេធិការដ្ឋាន ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកដ្ឋានអន្ដោប្រវេសន៍, អភិបាលខេត្តជាប់ពំ្រដែនកម្ពុជា-វៀតណាម និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បើកកិច្ចប្រជុំថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា មានសេចក្ដីរីករាយ ដែលបានធ្វើជាសហប្រធាន ជាថ្មីម្ដងទៀត ជាមួយលោក ផាម ប៊ីញ មីញ ក្នុងកិច្ចលើកទី១១ ស្ដីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ពំ្រដែន កម្ពុជា-វៀតណាម ដែលជាយុទ្ធការទ្វេភាគីដ៏មានសារសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ ផងដែរ។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូរបស់វៀតណាម និងគណៈប្រតិភូរបស់កម្ពុជា ដែលបានចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់លើកទី១១នេះ តាមរយៈប្រព័ន្ធវិដេអូសន្និសីទ។ សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ដថា កិច្ចប្រជុំលើកទី១១ រវាង កម្ពុជា-វៀតណាម តាមប្រព័ន្ធវិដេអូនេះ ស្របពេលប្រទេសទាំងពីរ កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ក្នុងឱកាសនេះដែរ លោក ផាម ប៊ីញ មីញ បានថ្លែងថា ទោះបីរយៈពេលកន្លងទៅនេះបញ្ហាជំងឺកូវីដ-១៩ មានភាពស្មុកស្មាញក៏ដោយ ក៏ភាគីទាំងពីរ កម្ពុជា-វៀតណាម នៅតែរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់លើកទី១១ ស្ដីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ពំ្រដែន កម្ពុជា-វៀតណាម តាមប្រព័ន្ធវិដេអូសន្នសីទនាព្រឹកពេលនេះបានដោយរលូន។ លោក ក៏បានសម្តែងក្តីរីករាយ ដែលបានចូលរួមកិច្ចលើកទី១១នេះ ព្រមទាំង រីករាយដែលរាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបើកសេដ្ឋកិច្ចឡើងវិញ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងបិទកិច្ចប្រជុំថា កិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ពំ្រដែន កម្ពុជា-វៀតណាម បានរៀបចំឡើងតាមរយៈប្រព័ន្ធវិដេអូ នាពេលនេះ បានប្រព្រឹត្តិទៅដោយរលូន និងទទួលបានលទ្ធផលជាទីមោទកៈក្នុងបរិយាកាសយ៉ាងស្មិតស្មាល សាមគ្គីភាព មិត្តភាព ជាប្រពៃណី ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ក្នុងលក្ខណៈជាប្រទេសជិតខាងដ៏ល្អ។

ទន្ទឹមនេះដែរ លោក ផាម ប៊ីញ មីញ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានប្រសាសន៍ចូលរួមបិទកិច្ចប្រជុំដែរថា លទ្ធផលទទួលបានក្នុងកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ពំ្រដែន កម្ពុជា-វៀតណាម គឺជាការបញ្ជាក់ឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់ របស់រដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជា បណ្ដាលខេត្តជាប់ព្រំដែនរវាង វៀតណាម-កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតាមតំបន់ព្រំដែន វៀតណាម-កម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម៕

ដោយ៖ សិលា


ចែករំលែក៖