ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាភាពចាំបាច់ក្នុងការបើកដំណើរការសកម្មភាពពេញលេញជាបណ្ដើរៗ ត្រូវវាយតម្លៃពីស្ថានភាពបន្ទាន់ និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី ដែលធ្វើឱ្យការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញនឹងត្រូវធ្វើតាមដំណាក់កាលជាជំហានៗ។
ក្នុងអារម្ភកថារបស់សម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃទី២៣ ខែតុលា សម្ដេចបានលើកឡើងថា ការបើកទទួលទេសចរណ៍វ៉ាក់សាំងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយចាប់ផ្ដើមនៅក្នុងខេត្តព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរនៃខេត្តកោះកុង និងបន្ទាប់មកនៅខេត្តសៀមរាបនៅខែមករា ឆ្នាំ២០២២ ធ្វើឡើងដោយផ្អែកលើវិធីសាស្ត្រជាក់លាក់ក្នុងការកំណត់ ដែលជាតំបន់មានអត្រាចាក់វ៉ាក់សាំងខ្ពស់ មានសមត្ថភាពក្នុងការឆ្លើយតប និងគ្រប់គ្រងហានិភ័យ និងការត្រៀមលក្ខណៈសម្បត្តិរបស់ឧស្សាហកម្មទេសចរណ៍កម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី។ ទោះជាយ៉ាងណាសម្ដេចថា ការបើកឱ្យមានទេសចរណ៍វ៉ាក់សាំងក្នុងតំបន់ទាំងនេះនឹងត្រូវពិនិត្យវាយតម្លៃជាប់ជាប្រចាំផងដែរ។
សម្ដេចបានលើកឡើងថា៖ «ឈរលើស្មារីតប្រុងប្រយ័ត្ន ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រនេះ នឹងត្រូវមានការត្រួតពិនិត្យ តាមដានវាយតម្លៃជាប់ជាប្រចាំ ស្របតាមការវិវត្តជាក់ស្ដែងនៃសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឹកូវីដ-១៩ នៅក្នុងជំហាននីមួយៗផ្សារភ្ជាប់ជាមួយនឹងជម្រើសសម្រាប់ការបើក-បិទ ដោយផ្អែកលើការបែងចែកតំបន់ ការធ្វើអទិភាវូបនីយកម្ម ជម្រើសសកម្មភាពទេសចរណ៍តាមអនុវិស័យ និងកត្តាពេលវេលាដែលដើរតួជាចន្ទល់យុទ្ធសាស្ត្រសំខាន់ក្នុងការផ្ដល់លទ្ធភាពដល់ការគ្រប់គ្រងហានិភ័យ» ។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំងជំហានដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង។ ការប្រកាសបើកនេះត្រូវបានធ្វើឡើងបន្ទាប់ពីស្ថានភាពវីរ៉ុសកូវីដ-១៩ នៅកម្ពុជាមានការថយចុះគួរឱ្យកត់សម្គាល់ នៅអំឡុង២សប្តាហ៍ចុងក្រោយនេះ។
ភ្ញៀវទេសចរដែលមកក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំងតម្រូវឲ្យធ្វើតែតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ តែម្ដងប៉ុណ្ណោះ នៅពេលមកដល់អាកាសយានដ្ឋាន។ ករណីទទួលបានលទ្ធផលអវិជ្ជមានភ្ញៀវទេសចរអាចដើរកម្សាន្តដោយសេរីនៅក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដា និងវិធានសុវត្ថិភាពទេសចរណ៍ជាមុន។ ភ្ញៀវទេសចរអន្តរជាតិដែលមកតាមកម្មវិធីទេសចរណ៍វ៉ាក់សាំង អាចស្នើសុំប្រភេទទិដ្ឋាការទេសចរណ៍ (ប្រភេទT) នៅតាមស្ថានទូត ស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស ឬអាចស្នើសុំទិដ្ឋាការអេឡិចត្រូនិច (E-Visa) ហើយត្រូវមកតាមកញ្ចប់ទស្សនកិច្ចទេសចរណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ ឬជាទេសចរមកជាលក្ខណៈគ្រួសារ ឬក្រុមតូចៗ ជាទេសចរកម្រិតខ្ពស់ដែលបានចាក់វ៉ាកសាំងគ្រប់ដូស៕
ដោយ៖ សិលា