ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿន​ដល់​ផ្លូវ​កោង​ជ្ជ្រុលទៅ​បុក​រថយន្ត​ពីមុខ​ស្លាប់​បាត់បង់​ជីវិត​ម្នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ​បើកបរ​ច្រាស់​គ្នា​បណ្តាលឲ្យបុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាងអាណោចអាធ័ម។​

ឧបទ្ទវហេតុនេះកើតឡើងនៅ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៥​និង​២០​នាទី​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៧០​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧​​-៨​ ស្ថិត​នៅ​ក្រុម​ទី​១២​ ភូមិ​ថ្មី​ ឃុំ​តា​គ្រាម​ ស្រុក​បាណ​ន់។

​លោក​វរសេនីយ៍ឯក​ ប៉ាន់​ វ៉ា​ន់​នី​ អធិការ​នគរបាល​ស្រុក​បាណ​ន់​ បាន​រារាយការណ៍ឲ្យដឹង​ថា​ គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ្វុយហ្សូ ចង្កូត​ស្តាំ​ ពណ៌​ខៀវ​លា​យស​ ពាក់​ស្លាក​លេខ​ BMC-0103​ ចង្កូត​ស្តាំ​ ប្រភេទ​បែន​ ធ្វើដំណើរពី​ត្បូង​ទៅ​ជើង​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ (​រត់គេច​ខ្លួន​)​ ។លុះមក​ដល់​ផ្លូវ​កោង​ត្រង់ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​PCR​ (​ភី​ស៊ី​អរ​)​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ កំពង់ធំ​ 1J-0178​ បើកបរ​ដោយ​ឈ្មោះ​ ឌិ​ត​ ម៉ែ​ត​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៧១​ ក្រុម​ទី​៥​ ភូមិ​កំ​ពង់​សីមា​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ ខណ:កំពុងបើកបរ​ពី​ជើង​ទៅ​ត្បូង​មាន​មួក​សុវត្ថិភាព​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​។​

ក្រោយ​ទទួល​ដំ​ណឹង​នេះភ្លាមកម្លាំង​ជំនាញ​នគរបាល​ស្រុក​បាន​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់វែង​ ឃើញ​ថា​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​ដោយសារ​អ្នកបើកបរ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយមកដល់ចំណុច​ផ្លូវ​កោង​ទើប​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ពីមុខ​ពេញទំហឹង​បណ្តាលឲ្យស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​

​ករណី​នេះ​ សមត្ថកិច្ច​បាន​នាំ​យកយានយន្តបង្ក​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ រង់ចាំ​ដំណោះស្រាយ​តាម​នីតិវិធី​ ។​ ចំណែក​សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖