ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប៉ះជាមួយម៉ូតូបណ្ដាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តនិងម៉ូតូបានបុកប៉ះគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរទាំង២នាក់ ចំណែកអ្នកបើកបររថយន្តមិនមានរងរបួសទេ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង៩៖៣០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលេខ៥០២  ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្តមួយគ្រឿងម៉ាក REVO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AX-2018 បើកតាមបណ្តោយផ្លូវលេខ៥០២ (ឆ្នេរអូរឈើទាល) លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងត្រង់ចំណុចផ្លូវបំបែកទៅកាសុីណូខ្សាច់ស ស្រាប់តែទៅបុកប៉ះគ្នាជាមួយម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM  ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រះសីហនុ 1H-4399 ដែលបើកបរក្នុងល្បឿនលឿនបណ្តាលឱ្យបុរសអ្នកជិះម៉ូតូទាំង២នាក់ រងរបួសបាក់ជើងទាំងសងខាង ហើយភ្លាមៗនោះក៏ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពឃ្លាំងលើផងដែរ ។ 

   បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍បានធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងយកវត្ថុតាងទាំងម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រង់ចាំការដោះស្រាយបន្តតាមនីតិវិធី ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖