ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពត ប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មាន និងការប្រឌិតព័ត៌មានដោយយករូបថត របស់លោក ម៉ៅ ធនិន ទៅចែកចាយតាមបណ្ដាញសង្គម facebook

ចែករំលែក៖

ខេត្តកំពត ៖ នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត មានកិត្តិយសសូមធ្វើការបំភ្លឺជូនដល់សាធារណជន អ្នកសារព័ត៌មាន និងពិសេសអ្នក ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មេត្តាជ្រាបថា៖ ថ្មីៗនេះរដ្ឋបាលខេត្តកំពត ពិនិត្យឃើញថា នៅតាម បណ្តាញសង្គម មានជនអគតិ ខិលខូចបានបង្កើតអាខោន គណនី Facebook ដោយយកឈ្មោះ និងរូបថត លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ធ្វើការផ្សព្វផ្សាយ បង្ហោះរូបភាព កែច្នៃខ្លឹមសារ ព័ត៌មានមិនពិត ក្នុងចេតនាទុច្ចរិត និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់លោកអភិបាលខេត្ត។ រដ្ឋបាលខេត្តកំពត សូមធ្វើការបដិសេធន៍ និងច្រានចោលទាំងស្រុង នូវព័ត៌មាន និងការប្រឌិតព័ត៌មាន ដោយយករូបថត លោកអភិបាលខេត្ត ដែលកំពុងមានការគោរព ស្រលាញ់ ពេញចិត្ត ពីសំណាក់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទូទៅជាខ្លាំង ដូច្នេះសូមស្នើដល់អង្គភាពជំនាញបើកការស៊ើបអង្គេត ស្រាវជ្រាវ ស្វែងរកមុខជនល្មើស រួមទាំងបក្ខពួក និងមេក្លោងយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូម កុំមានការយល់ច្រឡំ និងសូមអំពាវនាវ កុំចូលរួមចែករំលែកព័ត៌មានក្លែងក្លាយទាំងនេះ ដើម្បីចៀសវាងបង្កការ លំបាកក្នុងការអនុវត្តភារកិច្ចស្រាជ្រាវរបស់ជំនាញ និងអាចប្រឈមមុខចំពោះផ្លូវច្បាប់៕


ដោយ៖សុខ ខេមរា


ចែករំលែក៖