ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តឆ្លងផ្លូវក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលបើកតាមផ្លូវត្រង់បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។
ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង០០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ស្ថិតនៅត្រង់ចំណុចភ្លើងស្តុបវត្តអង្គតាមិញ តាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តតូយ៉ូតាហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AW-6960 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចភ្លើងស្តុបវត្តអង្គតាមិញ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AQ-3581បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាបើកឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តToyota Highlander ពេញទំហឹងបណ្ដាលឱ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាមួយសន្ទុះ តែដោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់៕
ដោយ៖និន សុភ័ស្ត