ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបណ្តេញបុគ្គលិកការទូតរុស្ស៊ី៥៥នាក់

ចែករំលែក៖

អាមេរិកបានស្នើឱ្យបុគ្គលិកការបរទេសរុស្ស៊ី៥៥នាក់ចាកចេញពីទឹកដីអាមេរិកនៅខែក្រោយនេះ ។ សកម្មភាពខាងលើរបស់អាមេរិក ប្រាកដជាទទួលរងការតបតវិញពីប្រទេសរុស្ស៊ីជាក់ជាមិនខាន។

សារព័ត៌មាន TASS បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នៅថ្ងៃទី២៩ខែតុលា ដែលបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានសម្រេចបណ្តេញមន្ត្រីបុគ្គលិកការទូតរុស្ស៊ី៥៥រូប ក្នុងនោះមានបុគ្គលិករដ្ឋបាលនិងវិស្វករ នៅក្នុងស្ថានទូតរុស្ស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា «សកម្មភាពរបស់អាមេរិកនឹងធ្វើឲ្យទំនាក់ទំនងការទូតជាមួយរុស្សុីកាន់តែអាក្រក់»។ លោកស្រីបន្តទៀតថា រាល់សកម្មភាពចងគំនុំរបស់អាមេរិកនឹងទទួលរងការតបតវិញយ៉ាងសមស្របបំផុត។
ទំនាក់ទំងរវាងអាមេរិកនឹងរុស្ស៊ីកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែប្រទេសទាំងពីរមានសកម្មភាពស៊ីសងគ្នាភ្លាមៗក្នុងបញ្ហាកិច្ចការបរទេស។ កាលពីខែមេសាកន្លងមក ទីក្រុងវ៉ាស៊ីនតោនបានបណ្តេញមន្ត្រីការបរទេសរុស្ស៊ី១០រូប និងកាត់បន្ថយសកម្មភាពបណ្តាធនាគាររុស្ស៊ី ហើយដាក់មនុស្ស៣២នាក់ក្នុងបញ្ជីខ្មៅ ដោយចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងការជ្រៀតជ្រែកបោះឆ្នោតនៅអាមេរិក ។
ជាការសងសឹកវិញ រុស្ស៊ីក៏បានបណ្តេញមន្ត្រីការទូតអាមេរិក១០នាក់នៅថ្ងៃទី ១ខែសីហា។ ភ្លាមៗនោះដែរ អាមេរិកក៏បានបណ្តេញមន្ត្រីការទូតបុគ្គលិករុស្ស៊ី១៨២នាក់ដែរ។ ប៉ុន្មានសប្តាហ៍កន្លងមក រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិនបានព្រមានបណ្តេញមន្ត្រីការទូតរុស្ស៊ី ៣០០នាក់បន្ថែមទៀតបើទីក្រុងមូស្គូមិនផ្តល់ទិដ្ឋាការបន្ថែមដល់បុគ្គលិកស្ថានទូតអាមេរិកប្រចាំនៅក្នុងប្រទេសរុស្ស៊ីឲ្យមានតម្លាភាពគ្នានោះទេ៕ ដោយ៖ធីរីណា

រូបថត៖Getty Images

រូបថត៖TTXVN 


ចែករំលែក៖