ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកសាំយ៉ុងបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកជាមួយម៉ូតូសណ្ដោងរុឺម៉កស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសធ្ងន់-ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកសាំយ៉ុងដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់បានទៅបុកជាមួយម៉ូតូសណ្ដោងរុឺម៉កយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៧នាទីយប់ថ្ងៃទី២៩ខែតុលាឆ្នាំ២០២១ នៅលេីផ្លូវលេខ៣១៥ ស្ថិតនៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នករងគ្រោះដែលបើកម៉ូតូសណ្ដោងរ៉ឺម៉កមានឈ្មោះយ៉ាន ហេន អាយុ១៩ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរមានឈ្មោះយ៉ាន ហុង អាយុ១៨ឆ្នាំ មុខរបរកសិករ(របួសស្រាល)និងឈ្មោះនូ ហាន អាយុ៤៤ឆ្នាំ រស់នៅភូមិស្រះ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង(របួសធ្ងន់) ខណៈបញ្ជួនទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀងក៏បានស្លាប់ទៅ។ 

ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេព្រោះក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ បន្សល់តែរថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ២AH-២០៨៤នៅនឹងកន្លែង។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងម៉ាកហុងដាវ៉េវ គ្មានស្លាកលេខ បើកនៅលេីផ្លូវលេខ៣១៥ ខណ:នោះស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ២AH-២០៨៤បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាបានជ្រុលទៅបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់។

ក្រោយមកសមត្ថកិច្ចចរាចរណ៍ស្រុកបានមកដល់ធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ផាននគរបាលស្រុកស្វាយជ្រំ ដើម្បីដោះស្រាយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖