ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​ ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​ ដកហូតបាន​ថ្នាំញៀន​មួយចំនួន​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ សមត្ថកិច្ច​ចម្រុះ​នៃខេត្ត​កំពង់ចាម​ ក្រោម​ចំណាត់​ការបញ្ជាពី​លោកឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម​បានចាត់ឱ្យកម្លាំងរួមមាន​ ៖​ កម្លាំងជំនាញផែនការងារ​ប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអន្តរាគមន៍ តម្រួតបទបញ្ជា និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់​ចាម កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន«ក៥»​ នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១​ បានបើកកិច្ចប្រតិបត្តិការ​បង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី (ដោយប្រើវិធានញុះញង់)  ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដកហូតយក​វត្ថុតាងមួយចំនួន​ ។ 

លោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់​ ដែលជាអ្នកដឹកនាំ​ប្រតិបត្តិការនេះ​បាន​ ឱ្យដឹងថា​ ដោយបានការឯកភាពពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម លោកបានសហការជាមួយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន«ក៥» ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី ឋាន: នាយករង ទទួលផែនការិយាល័យប្រឆាំងការសំអាតប្រាក់ «ក៥» នៃមន្ទីប្រឆាំងគ្រឿងញៀន   បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី (ដោយប្រើវិធានញុះញង់)  ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់​ដូចខាងក្រោមនេះ​ ៖​ 

    ១.ឈ្មោះ ស៊ាត សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោកអ៊ុត ទីលំនៅបច្ចុប្បន្នភូមិយាងថ្មី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

    ២.ឈ្មោះ ប៊ុត សំអុល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិរោងចក្រ សង្កាត់បរយ៉ាខា  ក្រុងប៉ៃលិន ។

   ៣.ឈ្មោះ សឿង សុខលី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់សក់ មានទីលំនៅបច្ចុប្បន្នភូមិអូរច្រាំង សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន ។

 ដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀន ចំនួន០២កញ្ចប់ធំ មានទម្ងន់​២,០៦៩.​២៧ក្រាមទាំងសំបក រថយន្ត ម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 2A-2069 ចំនួន ០១គ្រឿង និងទូរស័ព្ទដៃ០៣គ្រឿង ។ 

សូមបញ្ជាក់​ថា​ ចំពោះ​ជនសង្ស័យខាង​លើ បានយកសំណាកធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ ជាលទ្ធផល (អវិជ្ជមាន) បន្ទាប់ពីបញ្ចប់កិច្ចប្រតិបត្តិការ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក៏បានប្រគល់ករណីខាងលើនេះឱ្យមកកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់​ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖