ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ។
ការប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើងនៅថ្ងៃនេះ គឺជាការបង្ហាញឱ្យឃើញនូវជោគជ័យដ៏ត្រជះត្រចង់របស់កម្ពុជាលើគោលនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ កម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅលើពិភពលោកផងដែរ បានរងនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ជាបន្តបន្តាប់។រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបើកសមរភូមិប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយជំងឺឆ្លងសាកលនេះ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។
គិតត្រឹមថ្ងៃ៣១ ខែតុលា ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន១០លាន ៨៨នាក់ រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ នៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ ទោះបីយើងចាក់វ៉ាក់សាំងបានជាង១០លាននាក់ ស្មើនឹងជាង១០០% នៃចំនួនគ្រោងដំបូងក៏ដោយក៏យើង នៅមានប្រជាជនរាប់ម៉ឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យ បានគ្រប់ៗគ្នា។
ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង១០លាននាក់ បានចាក់វ៉ាក់សាំងយើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ ទៅ១៨ឆ្នាំ បានចំនួន១.៧៨៨.៨០២នាក់ដែលស្មើនឹង៩៧.៨៩% និងកុមារអាយុពី៦ដល់១២បានចំនួន១.៩២០.៥៩៩នាក់ស្មើនឹង១០១.២២%។ គិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើង ចំនួន១៣.៧០៩.៤៨៧នាក់ស្មើរនឹង៨៥.៦៨%នៃ ប្រជាជនសរុប១៦លាននាក់៕
ដោយ៖ សុខ ខេមរា