ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យអនុព័ន្ធយោធាឥណ្ឌូនេស៊ី ចាស់-ថ្មី ចូលជួបសំដែងការគួរសម និងជម្រាបលា

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក អុីញ៉ូម៉ាន់ ស៊ូកាសាណា  អនុព័ន្ធយោធាអមស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានជួបសំដែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកបានបញ្ចប់បេសកកម្មការទូតរយ:ពេល៣ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបសំដែងការគួរសមនាឱកាសនោះ ក៏មានការអមដំណើរដោយលោកវរសេនីយ៏ឯក ម៉ូកអាម៉ាត់ រីហ្សាល់ អនុព័ន្ធយោធាថ្មី ចូលរួមផងដែរ។

លោកវរសេនីយ៍ឯក អុីញ៉ូម៉ាន់ ស៊ូកាសាណា បានថ្លែងអំណរគុណចំពោះ លោក អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ឧិកាសឲ្យរូបលោកទាំងពីរបានចូលជួបសំដែងការគួរសម ដោយលោកវរសេនីយ៍ឯកបានគូសបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំមកនេះ រូបលោកបានបំពេញបេសកកម្មការទូតនៅកម្ពុជាទទួលបាននូវភាពកក់ក្តៅ ទាំងក្នុងកិច្ចសហប្រតិបត្តិការក្នុងជួរកងយោធពលខេមរភូមិន្ទ ក៏ដូចជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ 

លោកវរសេនីយ៍ឯក អុីញ៉ូម៉ាន់ ស៊ូកាសាណា បានបង្ហាញពីមោទនភាព ចំពោះការបំពេញភារកិច្ចជោគជ័យជាច្រើននៅកម្ពុជា ជាពិសេសជាមួយអង្គភាពជាដៃគូរ ដែលមានកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ និងបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន។ 

លោកអនុព័ន្ធយោធាឥណ្ឌូនេស៊ីបានសម្ដែងនូវការជឿជាក់ថាក្រោយបញ្ចប់ការប្រឈមជំងឺកូវីដ-១៩ កងទ័ពប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធថែមទៀត តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ។

ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចំពោះចំណងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ដែលក្នុងរយៈពេលជាង៦០ឆ្នាំមកនេះ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ទាំងផ្នែកប្រវត្តិសាស្ត្រ និង វប្បធម៌។ 

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ឥណ្ឌូនេស៊ី គឺជាប្រទេសមួយដែលបានខិតខំស្វែងរកសន្តិភាពនៅកម្ពុជា ឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានបញ្ជូនកងទ័ពមួកខៀវក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីរៀបចំដំណើរការបោះឆ្នោតនៅកម្ពុជា។

លោកអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់ឥណ្ឌូនេស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ គ្រឿងបំពាក់ផ្សេងៗ ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន លើផ្នែកជំនាញទ័ពពិសេស ប្រឆាំងភេរវកម្ម។ 

លោកអគ្គមេបញ្ជាការ ជឿជាក់ថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី នៅតែបន្តសហប្រតិបត្តិការជាមួយគ្នា ដើម្បីឲ្យចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ មានភាពល្អប្រសើរទ្វេឡើងថែមទៀត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖