ភ្នំពេញ៖ បើយោងតាមផេក ( Cambodia SEA GAMES 2023) និងប្រភពរូបភាព៖ #Yuen_Punlue ជាមួយទិសស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, អ្នកប្រដាល់ វី សុភ័ស និងទូច ដេវីដ ដែលជាអ្នកប្រដាល់ជម្រើសជាតិដូចគ្នានោះបានបន្ថែមស្ថិតិឈ្នះនូវក្នុងកំណត់ត្រាប្រកួតរបស់ខ្លួនដូចគ្នា នៅក្នុងព្រឹត្តិការណ៍កីឡាប្រដាល់សកល Ultimate Boxing Championship កាលពីយប់ថ្ងៃទី៣១ តុលា ឆ្នាំ២០២១ នៅសង្វៀននាយកដ្ឋានអង្គរក្ស។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងគូប្រជែងប្រាក់លានក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមដូចគ្នា។ ដេវីដបានយកឈ្នះលើអ្នកប្រដាល់ ម៉ាង ព្រហ្មម៉ាញ ដែលហាត់ក្នុងក្រុមជម្រើសជាតិដូចគ្នានោះដោយពិន្ទុ ខណៈអ្នកប្រដាល់ វី សុភ័ស បានយកឈ្នះលើអ្នកប្រដាល់ សែត សារឹត មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ចំពោះគូប្រកួតក្នុងតំណែងគូពិសេសវិញនោះអ្នកប្រដាល់ ថា រីវ៉ា មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ អំ ខេម ដែលជាកីឡាករជម្រើសជាតិ ដែលការប្រកួតនេះប្រកួតក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម។ ចំពោះការប្រកួតសម្រាប់គូធម្មតានោះអ្នកប្រដាល់ លីន សេងហុង ក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតឈ្នះអ្នកប្រដាល់ ឈុន ប្រាក់កាក់ ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងដោយពិន្ទុ ក្នុងប្រភេទទម្ងន់៥២គីឡូក្រាម។ ចំពោះអ្នកប្រដាល់ លី ប៊ុនហ៊ួ មកពីក្លិបមីស្ទ័រលីខេត្តសៀមរាបបានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ សយ ស៊ីថេង មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ឲ្យ ដួលសន្លប់ មុនស្នូរជួងបញ្ចប់ទឹកទី១ ក្នុងប្រភេទទម្ងន់៥២គីឡូក្រាម។
ការប្រកួតសម្រាប់ប្រភេទទម្ងន់៦០គីឡូក្រាមអ្នកប្រដាល់ លី វិបុលចំរើន ក្លិបមីស្ទ័រលីខេត្តសៀមរាបប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ ឆន ឈៀងរ៉ា ក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង ។ ចំពោះ ឌុន សំណាង មកពីក្លិបអប់រំកាយខេត្តកំពតប្រកួតចាញ់អ្នកប្រដាល់ ញ៉ឹក ឈឿង មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិន្ទុ ដោយអ្នកប្រដាល់ទាំង២ប្រកួតក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម។
ថ្លែងក្រោយបញ្ចប់ការប្រកួតប្រចាំសប្តាហ៍នេះ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាបានកត់សម្គាល់ថា គុណភាពនៃការប្រកួតកាន់ខ្ពស់ ដោយសារតែកីឡាករមានការពួកគេព្យាយាមហ្វឹកហាត់ និងការប្រកួតកាន់តែច្រើន។ កីឡាករគ្រប់រូប ទាំងការវាយលុក ទាំងការការពារសុទ្ធតែធ្វើបានល្អដូចៗគ្នា។ លោកអគ្គលេខាធិការបន្តថា លោកកំពុងតែព្យាយាមទំនាក់ទំនងជាមួយទូរទស្សន៍នានាដើម្បីសុំឲ្យគេបញ្ចូលកីឡាប្រដាល់សាកលឲ្យមាននូវក្នុងកម្មវីធីប្រកួតប្រចាំសប្ដាហ៍របស់គេ។ លោកដាក់ក្ដីសង្ឃឹមថាខាងទូរទស្សន៍នានានឹងបើកបេះដូងទូលាយទទួលយកនូវសំណូមពររបស់លោក ដើម្បីផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជា នៅក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរតាមបណ្តាស្ថានីយទូរទស្សន៍នានា ប្រចាំសប្តាហ៍របស់ខ្លួន មានឱកាសបង្កើនគុណភាពបច្ចេកទេស ឆ្ពោះទៅប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ក៏ដូចជាគោលដៅឆ្ពោះទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕
ដោយ ៖ សិលា