ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តពោធិ៍សាត់អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំចំនួន១០.០៣៧នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នា​ព្រឹកថ្ងៃចន្ទ ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩  ជូនកុមារអាយុ៥ឆ្នាំទូទាំងខេត្តពោធិ៍សាត់ ដែលសរុបទាំងអស់មានចំនួន ១០.០៣៧នាក់ ។

 ​ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងខាងលើ បានប្រារព្ធធ្វើនៅក្នុងបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ ដោយមានការចូលរួមពីលោក លោកស្រីជាអភិបាលរងខេត្ត  មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ  ប្រធានមន្ទីរអង្គភាពក្នុងខេត្ត អភិបាលក្រុង និងលោកគ្រូអ្នកគ្រូជាច្រើនទៀត ។

​លោក ជាវ តាយ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ និងក្នុងនាមលោកផ្ទាល់ ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង  ដែលបានមកចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩  ជូនដល់ចៅប្រុស ចៅស្រីទាំងអស់ដែលមានអាយុ៥ឆ្នាំ នៅក្រុងពោធិ៍សាត់នាពេលនេះ ។ លោកបាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលជានិច្ចជាកាលសម្ដេចទាំងទ្វេបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងចៅៗគ្រប់ៗគ្នាដែលបានមកទទួលការចាក់វ៉ាក់សាំងនាពេលនេះ ។ លោក ជាវ តាយ បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់សម្រេចបានសមិទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ សរុបបានចំនួន៤០៥.០៥២នាក់ ស្មើនឹង៩៤,១០ភាគរយ ក្នុងនោះអាយុ៦ឆ្នាំដល់ក្រោម១២ឆ្នាំមានចំនួន ៦៣.៥២៥នាក់, អាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំចំនួន ៥៩.៣២១នាក់,អាយុពី១៨ឆ្នាំឡើងបានចំនួន២៨២.២១៦នាក់ ដោយឡែកចៅៗអាយុ៥ឆ្នាំដែលចាក់ថ្ងៃនេះមានចំនួន ១០.០៣៧នាក់ ។

​ លោក ថ្លែងទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងជូនចៅៗអាយុ៥ឆ្នាំថ្ងៃនេះ គឺបានមកពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដើម្បីឲ្យមានសុខភាពមាំមួនក្នុងការបង្កើនភាពសាំ ឬ អង់ទីគ័រការពារប្រឆាំងនឹងជំងឺកូវីដ-១៩។ វ៉ាក់សាំងបង្ការនេះពិតជាបានចូលរួមចំណែកជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានមួយផ្នែកធំបើទោះបីជាមានការចម្លងមកបុគ្គលដែលបានចាក់ហើយក៏ដោយ ក៏អ្នកជំងឺមិនមានអាការៈធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតនោះដែរ ។

​លោក អភិបាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមនាំកូនក្មួយ និងចៅៗដែលមានអាយុ៥ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន ជៀសវាងមកប្រជ្រៀតគ្នា ត្រូវរក្សាគម្លាត ត្រូវពាក់ម៉ាស់   និងលាងដៃជាមួយសាប៊ូ និងអាល់កុលជាប្រចាំ ។ ទន្ទឹមនឹងនេះដែរក្រោយពីចាក់វ៉ាក់សាំងបង្ការួច សូមមាតាបិតា អាណាព្យាបាល ត្រូវតែបន្តអនុវត្តវិធានការសុខាភិបាល គឺ៣ការពារ ៣កុំ ដើម្បីចូលរួមចំណែកកាត់ផ្ដាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ខណៈដែលបច្ចុប្បន្នវីរុសបំប្លែងខ្លួនថ្មីប្រភេទ(ដែលតា)កំពុងចរាចរណ៍វាយលុកក្នុងប្រទេសកម្ពុជា ក៏ដូចបណ្ដាប្រទេសមួយចំនួនលើពិភពលោក ។ ក្នុងឱកាសនោះលោកអភិបាលបានជូនថវិកាមួយចំនួនដល់កងកម្លាំងប្រដាប់អាវុធ ដែលជួយសម្រួលដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងនាពេលនោះផងដែរ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖