ភ្នំពេញ៖ ផ្ទះល្វែងស្តុក គ្រឿង អេឡិចត្រូនិច មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះផ្សែងហុយខ្មួលខ្មាញ់អស់ប្រមាណ១ម៉ោងបណ្តាល ឱ្យសម្ភារៈ រួមនឹងគ្រឿងអេឡិចត្រូនិចរងការខូចខាតស្ទើរទាំងស្រុង។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ១១និង១៥នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នៅចំណុចផ្ទះលេខ២៥០ផ្លូវលេខ១៤៦z ភូមិ១០ ក្រុម២៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ផ្ទះ ដែលត្រូវភ្លើងឆាបឆេះជាប្រភេទសំណង់ផ្ទះល្វែងធ្វើពីបេតុងមានទំហំ៥ម៉ែត្រគុណ១២ម៉ែត្រដែលមានម្ចាស់ឈ្មោះជួង ម៉េងគួង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរលក់កុំព្យូទ័រ។
តាមសាក្សីបានឱ្យដឹងថានៅមុនពេលកើតផ្ទះខាងលើ ត្រូវបានម្ចាស់ចាក់សោរទុកចោលរួចទៅលក់ដូរ។ខណៈពេលនោះស្រាប់តែ ភ្លើង បានឆាបឆេះផ្សែងហុយទ្រលោមចេញពីក្នុងផ្ទះបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងអាជ្ញាធរ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ បាននាំគ្នា វាយបំបែកកញ្ចក់និងផ្តាច់សោរដើម្បីចូលទៅបាញ់ពន្លត់ ។ភ្លាមៗរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង បានទៅអន្តរាគមន៍ ។ នៅក្នុងហេតុការណ៍នេះ គេឃើញ លោក ជា ពិសី អភិបាលខណ្ឌ ទួលគោក ក៏បានចុះទៅកន្លែងកើតហេតុផងដែរ។
តាមនគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា អគ្គិភ័យ នេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យ ចំនួន៩គ្រឿងបានទៅអន្តរាគមន៍ បាញ់ពន្លត់អស់ប្រមាណជាង១ម៉ោង ហើយភ្លើង បានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ១២និង៤៥នាទីថ្ងៃត្រង់។
តាមនគរបាលឱ្យដឹងទៀតថា អគ្គិភ័យនេះបានបំផ្លាញសម្ភារៈមួយចំនួន រួមមានគ្រឿងអេឡិចត្រូនិច ,គ្រឿងជ័រ តុ ទូរ កៅអី រួមទាំងសម្ភារៈមួយចំនួនទៀត តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងបង្កឱ្យមនុស្សរងរបួសឡើយ ៕
ដោយ ៖ រ៉ារ៉ា