ព័ត៌មានទាន់ហេតុការណ៍៖

ជាងផ្សារដែកម្នាក់ត្រូវខ្សែកាប្លិ៍អគ្គិសនីឆក់ពេលកំពុងបំពេញការងារ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មានជំនាញជាជាងផ្សារដែកត្រូវបានខ្សែកាប្លិ៍អគ្គិសនីដែលមានតង់ស្យុងខ្ពស់ឆក់ពេលកំពុងបំពេញការងារនៅលើផ្ទះជួលជាន់ទី៣ដែលដាក់ស្លាកយីហោ Metfone បណ្តាលឱ្យរងរបួសធ្ងន់ត្រូវក្រុមការងាររបស់ក្រុមហ៊ុន Metfone ដឹកតាមរថយន្តដឹកគ្រឿងដែកយកទៅសង្គ្រោះសូម្បីតែសមត្ថកិច្ចក៏មកមិនទាន់ដែរ ហើយមកដល់ពេលនេះមិនទាន់ដឹងថាជនរងគ្រោះមានសភាពបែបណានៅឡើយទេ ។

     ករណីនេះបានកើតឡើងនៅវេលាម៉ោង២ៈ១០នាទីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅគល់ស្ពានអាកាសក្បាលថ្នល់  ត្រង់ចំណុចជាន់ទី៣ ផ្ទះលេខ២ ផ្លូវលេខ១០៧៣ ខាងក្រោមបើកសេវាកម្ម Wing មានឈ្មោះ រ័ត្ន រ៉ែ  និងនៅជាន់ខាងលើជួលឱ្យក្រុមហ៊ុន Metfone ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ។

    ជនរងគ្រោះគេមិនស្គាល់អត្តសញ្ញាណឡើយ ក្រោយកើតហេតុត្រូវបានក្រុមការងាររបស់ក្រុមហ៊ុន Metfone អៀវចុះពីលើផ្ទះជាន់ទី៣ ដឹកតាមរថយន្តដឹកគ្រឿងដែកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

    ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុក្រុមការងាររបស់ក្រុមហ៊ុនបានដឹកសម្ភារជាប្រភេទគ្រឿងដែកយកមកដំឡើងនៅលើផ្ទះជាន់ទី៣ ។ ពេលចងខ្សែទាញដែកឡើងទៅខាងលើខ្វះការប្រុងប្រយ័ត្នស្រាប់តែចូលទៅក្នុងដែនចរន្តអគ្គិសនីមានតង់ស្យុងខ្ពស់បណ្តាលឱ្យឆក់ផ្ទុះផ្អើលប្រជាពលរដ្ឋ គ្រានោះស្រាប់តែជាងដែកដួលសន្លប់នៅលើផ្ទះជាន់ទី៣មានស្នាមរលាត់នៅចុងដង្ហើម ។ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ដែរ តែរថយន្តនោះរវល់ដឹកអ្នកជំងឺ។  បន្ទាប់មកក្រុមការងាររបស់ក្រុមហ៊ុនក៏សម្រេចចិត្តអៀវជនរងគ្រោះចុះពីលើមកដាក់ក្នុងរថយន្តដឹកដែកដឹកយកទៅសង្គ្រោះតែម្តង ។

     នៅក្នុងហេតុការណ៍នេះសមត្ថកិច្ចមកមិនទាន់នោះទេ សង្ស័យខ្លាចបែកការណ៍  មកដល់ពេលនេះមិនទាន់ដឹងថាជនរងគ្រោះមានស្ថានភាពបែបណាទៅហើយទេ ៕

ដោយ ៖ សណ្តោស


ចែករំលែក៖