ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្ត ចុះដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ឆ្នាំង សម្រេចបានលទ្ធផល ៩០ភាគរយ ធ្វើឱ្យប្រជាពលរដ្ឋទទួលយកបានទាំងអស់គ្នាប្រកបដោយស្នាមញញឹម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមុិញនេះ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរប្រជាពលរដ្ឋ នៅក្រុងកំពង់ឆ្នាំង បានអញ្ជើញចុះទៅសម្របសម្រួល និងដោះស្រាយទំនាស់សុំបើកផ្លូវមួយករណី ដែលបានកើតឡើង នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ដោយមានការចូលរួមពី លោក គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ម៉ម ឈឿម អនុប្រធានក្រុមការងារ និងសមាជិកសមាជិកាក្រុមការងារ អាជ្ញាធរមូលដ្ឋានសង្កាត់។

  លោកស្រី ប៊ន សុភី បានមានប្រសាសន៍ឱ្យដឹងថាៈ នៅថ្ងៃនេះក្រុមការងារបានចុះធ្វើការសម្របសម្រួលរវាងតំណាងប្រជាពលរដ្ឋ ៨៧គ្រួសារ ដែលស្នើសុំបើកផ្លូវមួយកន្លែង ជាប់ពាក់ព័ន្ធនិងលោកស្រី ចក់ មិថុនា ដើម្បីបើកផ្លូវភ្ជាប់ផ្លូវក្នុងភូមិឱ្យបានធ្វើដំណើរបានជាប្រយោជន៍សាធារណៈទាំងអស់គ្នា។

 លោកស្រី ប៊ន សុភី បានមានប្រសាសន៍បន្តថាៈ ការចុះដោះស្រាយសម្របសម្រួលដោះស្រាយទំនាស់មានការពិបាក ដោយប្រជាពលរដ្ឋ និងម្ចាស់ដី បានលើកឡើងពីអំណៈអំណានផ្សេងៗគ្នា ប៉ុន្តែដោយមានក្រុមការងារជំនាញ និងឈរមូលដ្ឋានឈ្នះឈ្នះទាំងអស់គ្នា លោកស្រី ចក់ មិថុនា ដែលជាម្ចាស់ដី បានឯកភាពធ្វើការសម្បទានដីដែលពលរដ្ឋ បានស្នើសុំដើម្បីធ្វើផ្លូវ បានដើរទាំអស់គ្នាជាប្រយោជន៍សាធារណៈ។ នេះជាលទ្ធផលនៅថ្ងៃដំបូងដែលក្រុមការងារចុះដោះស្រាយទំនាស់ និងសំណូមពរប្រជាពលរដ្ឋ បានបំពេញធ្វើឱ្យប្រជាពលរដ្ឋ ទទួលយកទាំងអស់គ្នាដោយស្នាមញញឹម។ 

  លោកស្រី ប៊ន សុភី បានសំណូមពរ ដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានចូលរួមទាំអស់គ្នា ហើយនៅឱ្យជាប់នឹងប្រជាពលរដ្ឋ ក្តាប់ឱ្យបានរាល់បញ្ហា និងសំណូមពរ ដែលកើតមានឡើងនូវមូលដ្ឋានរួមគ្នាដោះស្រាយបញ្ហាជូនពលរដ្ឋ ប្រកបដោយឆន្ទៈ តម្លាភាព និងមូលដ្ឋានច្បាប់៕

ដោយ ៖ សិលា


ចែករំលែក៖