អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីសម្តីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែង «សុំទោស» មេដឹកនាំពិភពលោកទាំងឡាយ ក្នុងកិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក «COP26» របស់អង្គការសហប្រជាជាតិ (UN) ដែលបានប្រារព្ធឡើងនៅទីក្រុង ក្លាសកូវ (Glasgow) ប្រទេសស្កុតលែន នៅថ្ងៃចន្ទទី០១ ខែវិច្ឆិកាម្សិលមិញនេះ ចំពោះអ្វីដែលអតីតរដ្ឋបាលលោក ដូណាល់ ត្រាំបានធ្វើ។
ទីភ្នាក់ងារ Reuters បាននិយាយបន្ថែមថា ចំពោះការថ្លែងបែបនេះរបស់លោក ចូ បៃដិន គឺចង់សំដៅទៅលើការដកខ្លួន ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥ ដោយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលត្រូវបានធ្វើឡើងជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ជាការប៉ះប៉ូវមកវិញ ក្នុងនាមជាប្រធានាធិបតីអាមេរិក ដែលជាតួអង្គសំខាន់បំផុត នៅក្នុងគោលដៅនេះ, លោក ចូ បៃដិន បានសន្យាកាត់់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បន្ថែមទៀត។
ជាក់ស្ដែងលោកប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងចំពោះមុខកិច្ចប្រជុំកំពូល COP26 យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាខ្ញុំមិនគួរសុំទោសទេ… ប៉ុន្តែខ្ញុំពិតជាសូមអភ័យទោស ចំពោះការពិតដែលថា រដ្ឋបាលមុនរបស់សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាហេតុជំរុញឲ្យដំណើរការទាំងមូល ត្រូវបានបង្អាក់បន្តិច… ដោយហេតុនេះហើយ ទើបការចេញសកម្មភាពដំបូងរបស់ខ្ញុំ ក្នុងការចូលកាន់តំណែងកាលពីខែ មករា នោះគឺត្រូវចូលរួមកិច្ចព្រមព្រៀងនេះឡើងវិញ…» ។
គួររម្លឹកថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីអំឡុងពាក់កណ្តាលឆ្នាំ ២០១៧ បានប្រកាសពីផែនការដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលត្រូវបានបង្កើតឡើងដោយលំបាក កាលពីសម័យនៃអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។ ការដកខ្លួនចេញនោះ គឺស្ថិតក្នុងការហេតុផលដែលលោក ត្រាំ ផ្ទាល់បានអះអាងថា វាជាកិច្ចព្រមព្រៀងដែលនាំឱ្យសហរដ្ឋអាមេរិកចាញ់ប្រៀបគេ និងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ព្រោះតែការសម្លាប់ការងារពលរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើទោះជាយ៉ាងណា នៅក្នុងសម័យកាលដឹកនាំប្រទេសរបស់លោក ចូ បៃដិន បានសន្យាថា ការប្រយុទ្ធប្រឆាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ មានតែនឹងជំរុញឲ្យសេដ្ឋកិច្ចរីកចម្រើន មិនមែនរងផលប៉ះពាល់នោះទេ។
មិនតែប៉ុណ្ណោះប្រធានាធិបតីអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ថា រដ្ឋបាលដឹកនាំរបស់លោកគឺ «នឹងបញ្ចេញសកម្មភាព មិនមែនតែពាក្យសម្តីនោះទេ»៕ដោយ៖ស តារា
រូបភាព៖CNN ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែង «សុំទោស» មេដឹកនាំពិភពលោកទាំងឡាយ ក្នុងកិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក «COP26»
រូបភាព៖ Reuters មេដឹកនាំពិភពលោកទាំងឡាយ ក្នុងកិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក «COP26»