ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួន នេះបេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌទួលគោក នៅថ្ងៃអង្គារទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោកបានដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្សពួក៣នាក់បានភ្លាមៗ ខណ:ពួកគេជិះម៉ូតូធ្វើសកម្មភាពឆក់យកកាបូបពីនារីម្នាក់នៅចំណុចភ្លើងស្តុបដេអិន ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោងជិត៨យប់ថ្ងៃទី១ ខែវិច្ឆិកា ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥២៨ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ដដែលបានបន្តថា មុនពេលកើតហេតុគេបានឃើញនារីរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវលេខ២១៥ ខណៈមកដល់ចំណុចកើតហេតុនៅជាប់ភ្លើងស្តុបដេអិន ស្រាប់តែលេចមុខជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូម៉ាកស្មាស់មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១CC-៧៦៥៧ ជិះមកពីក្រោយក៏ឈោងដៃទៅឆក់យកកាបូបពីនារីរូបនោះ រួចជិះម៉ូតូរត់គេចខ្លួនតែត្រូវកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃឃើញទាន់ក៏ប្រដេញតាមពីក្រោយ និងទាក់ទងតាមវិទ្យុទៅខាងសមត្ថកិច្ចខណ្ឌទួលគោកដើម្បីឱ្យជួយស្ទាក់។បន្ទាប់មកជនសង្ស័យបានជិះម៉ូតូមកដល់ផ្លូវលេខ៥២៨ចំណុចជាប់នឹងសាលាវេស្ទេន ក៏ត្រូវឃាត់ខ្លួនបាន២នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេខ្លួនរួច។
ក្រោយឃាត់បានសមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់នេះទៅក្រសួងមហាផ្ទៃដើម្បីធ្វើការសួរនាំនិងបន្តនីតិវិធីតាមផ្លូវច្បាប់៕
ដោយ៖ អរុណរះ