ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជំរុញ ឲ្យអាជ្ញាធរខណ្ឌទាំង ១៤និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការ នៃការហាមមិនឲ្យបើកអាជីវកម្ម ខារ៉ាអូខេនិងក្លឹបកម្សាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន បៀរហ្គាឌិនត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។
ការដាក់នូវបទបញ្ជាបែប នេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំស្ដីពីការជំរុញការងារចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលត្រូវការ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នារសៀល ថ្ងៃទី ០២. ខែវិច្ឆិកាឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង ១៤និង មន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលបានបើកប្រទេសឲ្យដំណើរការឡើងវិញលើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកំសាន្តនិងខារ៉ាអូខេគឺមិនអនុញ្ញាតឲ្យបើកដំណើរការនោះទេ ពោលគឺឱ្យបើកដំណើរការតែភោជនីយ ដ្ឋាននិងបៀរហ្គាឌិន ប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤នឹងកងកម្លាំងពាក់ព័ន្ធត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចំពោះការលួចបើកក្លឹបកម្សាន្តនិងខារ៉ាអូខេ ដោយសារទីតាំងពីរនេះ មានហានិភ័យខ្ពស់បំផុតនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ លោក ឃួង ស្រេង. ក៏បានបញ្ជាក់ផងដែរថា ទោះបីជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទទួលបាននូវការចាក់វ៉ាក់សាំងបានច្រើនលើសផែនការយ៉ាងណាក្តី ក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់ទទួលបានការចាក់វ៉ាក់សាំងផងដែរ ហើយអ្នកមិនទាន់ទទួលបានការចាក់វ៉ាក់សាំងនេះភាគច្រើន គឺជាប្រជាពលរដ្ឋដែលមានអាយុច្រើនចាស់ជរានិងស្ត្រី ព-ពោះឆ្លងទន្លេជាដើម។
លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌពិសេស មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវរៀបចំ អនុវត្តការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះឱ្យបានល្អ ខណៈដែលពួកគាត់ទៅទទួលការចាក់វ៉ាក់សាំង ។
លោកបានបន្ថែមទៀតថា ប្រមុខរាជរដ្ឋាភិបាល បានសម្តែងនូវការកោត សរសើរនិងអរគុណយ៉ាងខ្លាំង ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាយដើរជំងឺកូវីដ-១៩នារយៈពេលកន្លងមកនេះ ។ ដូច្នេះ លោក ជំរុញឲ្យអាជ្ញាធរកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តកិច្ចការងារនេះឲ្យកាន់តែល្អប្រសើរថែមទៀត ដោយសារថា យើងជិតទទួលបានជោគជ័យទាំងស្រុងហើយ ជុំវិញការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ។
ជាមួយនឹងការដាក់ឲ្យដំណើរការប្រទេសឡើងវិញនេះ លោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរផងដែរ ពិសេស ការរៀបចំចិញ្ចើមផ្លូវ ការគ្រប់គ្រង ការទុកដាក់សំរាមឱ្យបានល្អ ព្រោះការបើកឲ្យដំណើរការប្រទេសឡើង វិញ វានឹងធ្វើចរាចរណ៍កកស្ទះដូចធម្មតាឡើងវិញ ដែលនេះ ជាបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយ ឱ្យបានល្អប្រសើរ៕
ដោយ៖ សំរិត