ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា, សត្វរមាំងត្រូវបានចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ នៅកម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសដែលធ្លាប់មាន សត្វរមាំងប្រភេទ Cervus Siamensis ច្រើនកាលពីមុន តែប្រភេទសត្វនេះបានធ្លាក់ចុះចំនួនជាបន្តបន្ទាប់ដោយសារតែកត្តាគំរាមកំហែងផ្សេងៗដូចជាការបរបាញ់ អន្ទាក់ និងការបាត់បង់ទីជម្រក។ បច្ចុប្បន្ននេះ មិនមានទិន្នន័យច្បាស់លាស់ថា មានសត្វរមាំងប៉ុន្មានឡើយ តែសត្វរមាំងត្រូវបានគេជឿថានៅមានតែក្នុងប្រទេសកម្ពុជា និងប្រទេសឡាវប៉ុណ្ណោះ ចំណែកប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាមត្រូវបានគេជឿថាបាន ផុតពូជពីធម្មជាតិបាត់ទៅហើយ។ យោងតាមទិន្នន័យដែលផ្សាយដោយអង្គការ IUCN ចេញផ្សាយនៅឆ្នាំ ២០១៥ សត្វរមាំងនៅប្រទេសកម្ពុជាមានចំនួនតិចជាង ៧០០ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។ ចំនួននេះអាចមានការថយចុះថែមទៀតនាពេលបច្ចុប្បន្ននេះ។
ក្រសួងបរិស្ថានបានបញ្ជាក់ក្នុងផេកថា, ចំពោះក្រុមប្រភេទរបស់រមាំង Cervus Siamensis បច្ចុប្បន្នមានចំនួនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងបណ្តាប្រទេសជិតខាង។ ចំនួនទាំងនេះមាននៅក្នុងខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក្រចេះ កំពង់ស្ពឺ បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តសៀមរាបចាពិសេសនៅក្នុងខេត្តព្រះវិហារក្នុងស្រុកឆែប ជាំក្សាន្ត គូលែននិងសង្គមថ្មី។
រមាំងជាថនិកសត្វតិណាសីដែលមានមាឌតូចជាងប្រើស និងធំជាងសត្វឈ្លូសបន្តិច។ ស្នែងរបស់វាមានលក្ខណៈខុសពីស្នែងសត្វប្រើសដោយនៅផ្នែកគល់នៃស្នែងមានបែកខ្នែងពីរមួយស្រួចដុះ គ្របលើចិញ្ជើមលយទៅមុខ និងមួយទៀតដុះឡើងទៅលើរួចពេនចេញមកក្រៅ ហើយកោងខុបទៅមុខ ហើយនៅខាងចុងស្នែងរបស់វាមានរាងសំប៉ែតបែកជាម្រាម។ ជាទូទៅ វាមានសម្បុរលឿងស្រអាប់ ឬលឿងក្រម៉ៅចាស់ មានអុចៗសនៅផ្នែកចំហៀងខ្លួន ឯផ្នែកក្រោមពោះ និងកមានពណ៌ស ប៉ុន្តែសម្បុរនេះអាចប្រែប្រួលទៅតាមរដូវកាល។ នៅរដូវជម្រុះស្នែង វាមានរោមវែងៗរុំជិតចម្រុះពណ៌ប្រផេះក្រហម និងលឿងក្រម៉ៅភ្ជាប់នឹងគល់ក ដែលមានរោមប្រែងមើលគួរឱ្យគយគន់។
ចំពោះលក្ខណៈជីវសាស្ត្រ រមាំងជាសត្វមិនសូវផ្អើល វារស់នៅជាហ្វូងពី ១០ ទៅ១៥ ក្បាល។ វាចូលចិត្តរស់នៅតាមវាលទំនាបដែលសម្បូណ៌ទៅដោយថ្លុក ឬត្រពាំង វាលស្រែនិងព្រៃរបោះ។ ចំណីរបស់វាមានដូចជាស្មៅ ស្បូវ ព្រេច ល្បះរុក្ខជាតិ ស្រូវ និងផ្លែឈើ។ វាជម្រុះស្នែងរាល់ឆ្នាំនៅអំឡុងខែមិថុនា ដែលជារដូវកាល សម្បូណ៌ចំណីសម្រាប់ការលូតលាស់ស្នែងរបស់វា។ រមាងញីបន្តពូជនៅចន្លោះខែមីនា ឧសភា ហើយកើតកូនម្តងៗបានមួយក្បាល បន្ទាប់ពីពពោះចន្លោះពី ៦ ទៅ ៨ខែ។
កាលពីខែមេសា ឆ្នាំ២០២១ នេះ រូបភាពដែលបង្ហាញវត្តមានរបស់សត្វរមាំង(Rucervus eldii) យ៉ាងហោចណាស់ចំនួន ៧ក្បាល ត្រូវបានបញ្ជូនមកពីដែនជម្រកសត្វព្រៃសំបូរ ក្នុងខេត្តក្រចេះ ដោយក្រុមអ្នកស្រាវជ្រាវសត្វព្រៃរបស់មន្ទីរបរិស្ថាននៃក្រសួងបរិស្ថាន និងអង្គការ WWF ។ រូបភាពដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិទាំងនេះជាភ័ស្តុតាងនៃការរស់រានរបស់សត្វដ៏សំខាន់មួយប្រភេទនេះ និងបានបង្ហាញថាហ្វូងសត្វនេះកំពុងមានលទ្ធភាពបន្តពូជនៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃសំបូរ។ ជាក់ស្តែង ភ័ស្តុតាងនៃការបន្តពូជនេះបានស្តែងចេញយ៉ាងច្បាស់តាមរយៈរូបភាពរាប់រយសន្លឹកដែលក្រុមអ្នកស្រាវជ្រាវសត្វព្រៃបានពិនិត្យយ៉ាងម៉ត់ចត់ និងបានកត់ត្រាទុកនូវវត្តមានរបស់សត្វរមាំងពេញវ័យ មានញីនិងឈ្មោល សរុបចំនួន ៤ក្បាល សត្វវ័យជំទង់ មានញីនិងឈ្មោល ចំនួន ២ក្បាល ព្រមទាំងកូនសត្វរមាំងចំនួន ១ក្បាល។ការតាមដានសត្វព្រៃដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិត្រូវបានអនុវត្តដោយអ្នកជំនាញស្រាវជ្រាវក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២១ និងដោយមានការចូលរួមផងដែរពីប្រជាជនមូលដ្ឋាននៃក្រុមល្បាតសហគមន៍ដែលរស់ក្បែរតំបន់នៃដែនជម្រក។ ក្រុមការងារបានពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិនៅតាមទីតាំងសំខាន់ៗដែលជាទីម្រករបស់សត្វរមាំងនៅក្នុងដែនជម្រក ដែលមានផ្ទៃដីសរុបចំនួន ៥០.០៩៣ ហិកតា ហើយមានភូមិសាស្រ្តស្ថិតនៅតាមបណ្តាយដងទន្លេមេគង្គ។ កំណត់ត្រានៃសត្វរមាំងនាពេលនេះបានផ្តល់ជាព័ត៌មាននិងចំណេះដឹងផ្នែកវិទ្យាសាស្ត្រដ៏សំខាន់បន្ថែមទៀតដល់កំណត់ត្រាដំបូងបង្អស់នៃសត្វនេះនៅក្នុងដែនជម្រកកាលពីឆ្នាំ២០២០ ដើម្បីរួមចំណែកគាំទ្រដល់ការរស់រានមានជីវិតតទៅអនាគតទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ សម្រាប់សត្វដែលជា ប្រភេទ រង គ្រោះ ថ្នាក់ ជិត ផុត ពូជមួយនេះ៕
ដោយ ៖ សិលា