ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ហាញមុខសញ្ញាកែច្នៃ ជួញដូរគ្រឿងញៀន ២នាក់ និងគ្រឿងញៀនជិត ៥៩ គីឡូក្រាមមុននឹងបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២១ នេះកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការបង្ហាញមុខជនសង្ស័យជាមុខសញ្ញាកែច្នៃនិងជួញដូរគ្រឿងញៀនពីរនាក់ព្រមទាំងគ្រឿងញៀនជិត៥៩គីឡូក្រាមដែលបង្ក្រាបបាននៅរាជធានីភ្នំពេញមុននឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមនីតិវិធី។

គួររំលឹកឡើងថាកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤:២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកវរសេនីយ៍ឯក មាស ហត នាយករងមន្ទីរ លោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីកែច្នៃ ជួញដូរគ្រឿងញៀន នៅចំណុច ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់បានជនសង្ស័យម្នាក់ឈ្នោះ ង្វៀង វីងទី និងសារធាតុញៀនមួយចំនួនតូច។

   លុះដល់ម៉ោង ១៥:៣០ នាទីថ្ងែដដែល កម្លាំងជំនាញ បានធ្វើការឆែកឆេរ និងចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង គឹមហេង នៅចំណុច បន្ទប់ជួលលេខ៧ ផ្លូវលេខ៣០០ ក្រុម១៩ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់

    ១-ឈ្មោះ ង្វៀង វីងទី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម។

    ២-ឈ្មោះ ហេង គឹមហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ។ និងចាប់យកវត្ថុតាងបាន:

     -មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៣.៥១ក្រាម។

     -កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ៥០.៤២ក្រាម។

     -អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ១គ.ក្រ ៥១៧.៣២ក្រាម។

     -មេកាទីណូន (METHCATHINONE)ទម្ងន់សុទ្ធ ៤៦ គ.ក្រ ៧៧៤ក្រាម។

   សរុបរួម ទម្ងន់  ៤៨ គ.ក្រ  ៣៤៥.២៥ក្រាម។

   សារធាតុផ្សំ(មិនច្បាស់) ៦ គ.ក្រ ២១៤.៣៦ ក្រាម។

 បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖