ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៥នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅក្រុងស្វាយរៀងនិងស្រុកកំពង់រោទ៍។
យោងតាមមន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទី១បានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីល្ងាចថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២១ នៅលើផ្លូវលេខ១៣ ត្រង់គីឡូម៉ែត្រលេខ៤និងលេខ៥ ស្ថិតក្នុងភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង រវាងម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AD-៧៨៤០សណ្តោងរុឺម៉ក បើកបរដោយឈ្មោះ ម៉ក ណី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់អេតចាយ រស់នៅភូមិពូទង ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្ត ព្រែវែង បើកបរពីត្បួងទៅជើងបានទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១C- ៦៨៦២ បើកបរដោយឈ្មោះ ឥន សុខ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រពាំងក្រែត ឃុំ ជ្រុងពពេល ស្រុករំដូល ខេត្តស្វាយរៀងដែលធ្វើដំណើរពីត្បួងទៅជើងយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះគឺដោយសារតែ អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខ ព្រៃវែង ១C-៦៨៦២ បើកបរក្នុងស្ថានភាពស្រវឹងទើបទៅបុកម៉ូតូសណ្តោងរុឺម៉ក (គ្មានភ្លើងបំភ្លឺក្រោយ) ចំពីក្រោយដែលកំពុងឈប់ចតបែបនេះ។
ករណីគ្រោះថ្នាក់ចរាចរណ៍ទី២បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២១ លើផ្លូវលំចំណុចភូមិស្វាយចេក ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងរវាងម៉ូតូម៉ាកExciter ពណ៌ សលាយខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ខាន់ ប៊ុនធឿន ភេទប្រុស មុខរបរកម្មករ អាយុ២៥ឆ្នាំ មានទីលំនៅភូមិតាប៉ោ ឃុំសំឡី ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង បានបុកជាមួយ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G-២៩១៥ បើកបរដោយឈ្មោះ ហ៊ុល នី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករនិងអ្នករួមដំណើរជាប្រពន្ធឈ្មោះ តូច យ៉ា អាយុ៤០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលធ្វើដំណើរបញ្ច្រាសគ្នាយ៉ាងពេញទំហឹងតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែម៉ូតូ Exciter បើកបរមិនប្រកាន់ស្ដាំ។ ចំណែកវត្ថុតាងធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡីដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖យឹម សុថាន