ភ្នំពេញ៖ ប៉ុល ពត នៅក្នុងអំឡុងពេលកាន់អំណាច បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី រង្វង់ក្រោម៤០ដងប៉ុណ្ណោះ ហើយក្នុងនោះប្រជុំវិសាមញ្ញប្រហែល២ដង។ នេះជាការថ្លែងរបស់លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លើផេកផ្លូវការរបស់លោក។
លោក ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា, ២០ឆ្នាំមុន ខ្ញុំអានគ្រប់កំណត់ហេតុនៃកិច្ចប្រជុំ។ ខ្លឹមសារមានទិដ្ឋភាពចម្រុះ តែអាចសរុបរួមគឺគ្មានអ្វីក្រៅពី ការបង្កបង្កើនផល របបអាហារ ការបោសសម្អាតខ្មាំង បញ្ហាសន្តិសុខ។ មានសម័យប្រជុំ១ បានលើកឡើងពីវិធានការចំពោះ សម្តេច សីហនុ។
លោករដ្ឋលេខាធិការចាត់ទុកថា, ទាំងអស់នេះឆ្លុះបញ្ចាំងបានថា ប៉ុល ពត នៅក្នុងអំណាចបានរយៈពេលខ្លី គឺត្រឹមត្រូវហើយ។ សារចែករំលែកនៅទីនេះ ខ្ញុំចង់លើកឡើងចំណុចមួយដែល ប៉ុល ពត និយាយអំពី របបប្រជុំនិងរបបឆ្លងយោបល់។ គាត់ថា៖ «គ្រប់ផ្នែកត្រូវស្វ័យដឹកនាំនិងទទួលខុសត្រូវ ទាំងនៅមជ្ឈិម នៅមន្ទីរជុំវិញ ភូមិភាគ តំបន់។ មិនមែនចាំតែសុំយោបល់ អ្វីក៏សុំយោបល់ នោះទេ។ ប៉ុន្តែ បើមិនឆ្លងយោបល់សោះ ក៏មិនកើតដែរ»។ ឡូយ ត្រង់ឃ្លាចុងក្រោយ៕
ដោយ ៖ សិលា