ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ដើរទៅមើលសន្ទូចប៉ះខ្សែលួសឆក់កណ្ដុរក្នុងចម្ការត្រសក់ស្លាប់គួរឲ្យសង្វេគ

ចែករំលែក៖

ខេត្តកណ្ដាល ៖ គួរឲ្យសង្វេគណាស់យុវជនម្នាក់ត្រូវស្លាប់បាត់បង់ជីវិត ដោយសារដើរទៅមើលសន្ទូចរបស់ខ្លួន ស្រាប់តែប៉ះខ្សែរលួសឆក់កណ្ដុរក្នុងចម្ការត្រសក់មួយកន្លែង នៅយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង២៣និង៥០នាទី នៅចំណុច ដីចម្ការត្រសក់របស់ ឈ្មោះ ណៃ កែម  ភេទ​ ប្រុស​ អាយុ៤៧ ឆ្នាំ ជនជាតិ​ខ្មែរ​ ស្ថិតក្នុង ភូមិចុងកោះធំ ឃុំកោះធំ ក ស្រុក​ កោះធំ​ ខេត្ត​ កណ្តាល​ ៕

    មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គាម  សុធា ភេទប្រុសអាយុ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាមនុស្ស គ ថ្លង់)   មានទីលំនៅភូមិចុងកោះធំ ឃុំកោះធំ ក ស្រុក​ កោះធំ​ ខេត្តកណ្តាល។ចំណែកជនសង្ស័យជាម្ចាស់ចម្ការត្រសក់ឈ្មោះ ណៃ កែម  ភេទ ប្រុសអាយុ៤៧ ឆ្នាំ  ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិចុងកោះធំ ឃុំ​ កោះធំ ក  ស្រុកកោះធំ ខេត្តកណ្តាល (គេចខ្លួន )។វត្ថុតាងចាប់យក៖ អាគុយ ម៉ាកJP ពណ៌ខ្មៅ៤០ អំពែរ០១គ្រឿង,​អាំងវ៉ុលទ័រ បំលែងភ្លើងអាគុយ០១គ្រឿង,​ខ្សែលួសប្រវែង២៥០ ម៉ែត្រ ចង់ភ្ជាប់បង្គោលឬស្សីតូចៗ។

    ប្រភពដដែលបន្តថា  យោងតាមការសួរបំភ្លឺឈ្មោះ ឡឹង សាក់ ភេទប្រុស អាយុ១៥ឆ្នាំ ដែលបានធ្វើដំណើរជាមួយជនរងគ្រោះបានឱ្យដឹងថាៈ នៅរវលាម៉ោងប្រមាណ២១និង០០នាទីថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ គាម សុធា បានបបួលខ្លួនឱ្យទៅមើលសន្ទូចបង្កៃជាមួយតែខ្លួនមិនព្រមទៅទេ ពេលនោះជនរងគ្រោះបង្ខំអូសដៃខ្លួនឱ្យទៅជាមួយ ខ្លួនក៏ព្រមទៅជាមួយជនរងគ្រោះ ដោយដើរកាត់ទៅខាងលិចភូមិ លុះទៅដល់ដីចម្ការត្រសក់របស់ឈ្មោះ ណៃ កែម ជនរងគ្រោះក៏ឆក់ខ្សែលួស ដែលគេរាយឆក់កណ្តុរមិនឱ្យស៊ីត្រសក់ដួលផ្កាប់មុខ ភ្លាមនោះខ្លួនក៏ស្ទុះរកអាគុយដើម្បីដោះក្រចាប់ចេញតែរកមិនឃើញ ក៏រត់មកផ្ទះប្រាប់សាច់ញាតិជនរងគ្រោះឱ្យបានដឹងរួចនាំគ្នាទៅកន្លែងកើតហេតុ ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ក៏នាំយកសាកសពជនរងគ្រោះមកផ្ទះ លុះព្រឹកឡើង ក៏រាយការណ៍ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ ក និងរាយការណ៍បន្តជូន សមត្ថកិច្ច នគរបាលស្រុក ក្រោយពីទទួលបានបញ្ជាពីលោកអធិការ ផ្នែកជំនាញ នឹងប៉ុស្តិ៍រដ្ឋបាលដឹកនាំ ដោយលោកអធិការផ្ទាល់  បានចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយលោកគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ នឹងពិនិត្យសាកសព។

    ការពិនិត្យសាកសពមានស្នាមឆេះខ្មៅនៅលើម្រាមដៃខាងស្តាំចំនួនពីរម្រាមកាត់ទទឹងជំរៅដល់ឆ្អឹង,​ស្នាមឆេះខ្មៅលើខ្នងជើងខាងស្តាំចន្លោះចង្វែកម្រាមនាងជើងប្រវែង០៤ស.មជំរៅដល់ឆ្អឹង។ ក្រៅពីស្លាកស្នាមនេះ ពុំមានស្លាកស្នាមអ្វីផ្សេងគួរឲ្យកត់សម្គាល់ឡើយ។

    ការសន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ដោយឆក់ចរន្តភ្លើងបំលែងពីអាគុយរបស់ឈ្មោះ ណៃ កែម បណ្តាលឲ្យស្លាប់អ្នកដ៏ទៃ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមរកចាប់ខ្លួន ចាត់ការតាម​នីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖