ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា ស្នើដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សានុសិស្សតែម្តងគត់នៅថ្ងៃចូលរៀនដំបូង មិនចាំបាច់ត្រួតពិនិត្យនៅថ្ងៃបន្តបន្ទាប់ឡើយ លើកលែងតែករណីចាំបាច់ អាចបង្ហាញច្បាប់ចម្លងជាការស្រេច។
ត្រូវណែនាំដល់សិស្សានុសិស្សឱ្យចេះថែរក្សាបណ្ណចាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវ ហើយត្រូវថតចម្លងបណ្ណចាក់វ៉ាក់សាំងដាក់តាមខ្លួនជាប្រចាំ។
លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាប លោក លោកស្រីប្រធាន ជ្រាបថា៖ ចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថាន ឧត្តមសិក្សា ទាំងសាធារណៈនិងឯកជន។ ដោយសង្កេតឃើញថា នៅតាមគ្រឹះស្ថានសិក្សាមួយចំនួនបានតម្រូវឱ្យ សិស្សានុសិស្សដាក់តាមខ្លួននូវ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេសកុមារតូចៗដែលមិនទាន់ចេះ ថែទាំបណ្ណ ជាហេតុអាចបណ្តាលឱ្យខូចខាត ឬបាត់បង់បណ្ណ។ ក្នុងន័យនេះ ក្រសួងស្នើ គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សានុសិស្ស តែម្តងគត់នៅថ្ងៃចូលរៀនដំបូង បន្ទាប់ពី គ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញ នៅថ្ងៃបន្តបន្ទាប់ មិនចាំបាច់ត្រួតពិនិត្យ ឬតម្រូវឱ្យសិស្សានុសិស្ស បង្ហាញបណ្ណចាក់វ៉ាក់សាំងទៀតទេ លើកលែងករណីចាំបាច់ សិស្សានុសិស្សអាចបង្ហាញ ច្បាប់ចម្លង ជាការ ស្រេច។ ជាមួយគ្នានេះ ត្រូវណែនាំដល់សិស្សានុសិស្សឱ្យចេះថែរក្សាបណ្ណចាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវនៅតាម គេហដ្ឋានរៀងខ្លួនៗ ហើយត្រូវថតចម្លងបណ្ណចាក់វ៉ាក់សាំងមួយសន្លឹកដាក់តាមខ្លួនជាប្រចាំ។សេចក្ដីដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីប្រធានមេត្តាផ្សព្វផ្សាយឱ្យបានទូលំ ទូលាយដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងការណែនាំសិស្សានុសិស្សឱ្យចេះថែរក្សា និង ប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមការគួរ៕
ដោយ៖ សុខ ខេមរា