ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមេកន្ទុយលេខចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលក្រុងប៉ៃលិនចុះបង្ក្រាបឃាត់ខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ល្បែងកន្ទុយលេខឆ្នោត ដុះស្លែចំនួន៥កន្លែងត្រូវបានកម្លាំងនគរបាលក្រុងប៉ៃលិន ចុះបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ យកទៅអធិការក្រុងប៉ៃលិន ខណ:ប្រជាពលរដ្ឋចូលទៅចាក់កន្ទុយលេខឆ្នោតផ្សងសំណាងជាបន្តកន្ទុយគ្នាដូចខ្យង គួរឱ្យកត់សម្គាល់ ។

ហេតុការណ៍ ចុះបង្ក្រាបកន្លែងល្បែងកន្ទុយលេខឆ្នោតទាំង៥ទីតាំងនេះ បានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងក្រុងប៉ៃលិន ឃាត់ខ្លួនមនុស្សស្រី៥នាក់ និងរឹបអូសយកទូរស័ព្ទ ព្រមទាំងសន្លឹកកន្ទុយលេខឆ្នោតជាច្រើនសន្លឹកផងដែរ ។

បើតាមប្រភពព័ត៌មានពីនគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា ៖ កម្លាំងអធិការនគរបាលក្រុងប៉ៃលិន ដឹកនាំកម្លាំងចុះបង្រ្កាបល្បែងកន្ទុយលេខ (ឆ្នោត) និងឆ្នោតកោស ខណ:មានការសម្របសម្រួ លពីលោកព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តប៉ៃលិន បានបង្ក្រាបសរុបចំនួន០៥ទីតាំង ក្នុងក្រុងប៉ៃលិន ឃាត់ខ្លួនជនសង្ស័យស្រីៗ ចំនួន០៥នាក់ (សង្កាត់អូរតាវ៉ៅ០៤នាក់ និងសង្កាត់ប៉ៃលិនម្នាក់ ) ។

ប្រភពបន្តទៀតថា ៖ ទីតាំងទី១: នៅចំណុចផ្លូវបំបែកក្បែរសណ្ឋាគារ៤០បន្ទប់ ភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហន នុត ភេទស្រី អាយុ២៧ឆ្នាំ ,

ទីតាំងទី២: ចំណុចផ្សារប៉ាងរលឹម ភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ យ៉ែម សុខណា ភេទស្រី អាយុ៣៦ឆ្នាំ ,

ទីតាំងទី៣: នៅចំណុចផ្សារប៉ាងរលឹម ភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តាក់ ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្ស ,

ទីតាំងទី៤: នៅចំណុចភ្នំដំបង ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធឿន ស្រីទឿម ភេទស្រី អាយុ២៨ឆ្នាំ

ទីតាំងទី៥: ចំណុចភ្នំដំបង ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្វាយ ចន្នី ភេទស្រី អាយុ៤៨ឆ្នាំ ។

វត្ថុតាងដកហូតសរុប សៀវភៅកត់កន្ទុយលេខឆ្នោតចំនួន៨ក្បាល ប៊ិច៦ដើម ក្រដាសកត់កន្ទុយលេខ៥សន្លឹក ម៉ាស៊ីនគិតលេខ២គ្រឿង ម៉ាស៊ីនបាញ់លេខឆ្នោតម៉ាកMobile Printer ១គ្រឿង ឆ្នោតកោស៤ដុំ ទូរស័ព្ទដៃ៥គ្រឿង ប្រាក់ខ្មែរ ចំនួន ២៨១,២០០៛។

បច្ចុប្បន្នជនសង្ស័យ ជាមេកន្ទុយលេខ (ឆ្នោត)ទាំង៥នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីរៀបចំសំណុំរឿងអនុវត្តតាមនីតិវិធី ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖