ភ្នំពេញ៖ មានប្រសាសន៍សំណេះសំណាល នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់ នៃមជ្ឈមណ្ឌលជាតិ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារ សម្រេចលទ្ធផលផ្លែផ្កា ជាបន្តបន្ទាប់ជូនជាតិមាតុភូមិ និងប្រជាជននៃយើង តាមការប្រគល់ភារកិច្ច។ ឆ្លៀតក្នុងឱកាសនោះ សម្តេចពិជ័យសេនា ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកចំពោះយុទ្ធជន យុទ្ធនារី កងរក្សា សន្តិភាពកម្ពុជា ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុង និងក្រៅប្រទេសទាំងអស់ផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសជាដៃគូ និងប្រទេសបរិច្ចាគកងកម្លាំង ដើម្បីចែករំលែកបទពិសោធន៍ទាំងក្នុងប្រទេស និងគ្រប់តំបន់បេសកកម្ម ធ្វើឱ្យប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងបង្កើនការចូលរួមជាស្រ្តីឱ្យបាន២០% នៅគ្រប់បេសកកម្មរក្សាសន្តិភាព ព្រមទាំងបន្តបញ្ចូលកម្លាំងក្នុងប្រព័ន្ធត្រៀមជាស្រេចនូវសមត្ថភាព ដើម្បីរក្សាសន្តិភាព រួមមាន ១កងវិស្វកម្ម ១កងរាជអាវុធ-ហត្ថ និង១កងបោសសំអាតមីន/កំទេចគ្រឿងផ្ទុះ។ កត្តាទាំងអស់នេះ សុទ្ធតែឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វហេតុសន្តិភាពសន្តិសុខ និងមនុស្សធម៌នៅលើលោក។ អស់លោក នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់។
សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា៖ នៅក្នុងរយៈពេលជាង ១៥ឆ្នាំនេះ មជ្ឈមណ្ឌលជាតិគឺជាអង្គភាពមួយក្នុងកងយោធពលខេមរភូមិន្ទ ដែលបានលើកមុខមាត់ប្រទេសជាតិឲ្យស្មើមុខស្មើមាត់ ស្មើភាព ស្មើសិទ្ធិលើឆាកអន្តរជាតិ។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងគណៈអធិបតី បានអញ្ជើញទស្សនា តាមបណ្តាជាន់នីមួយៗ នៃអគារថ្មី របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលមានកំពស់ ១៨ជាន់។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា រយៈពេល ១៥ឆ្នាំ កន្លងមកនេះ មជ្ឈមណ្ឌលជាតិ បានវិវត្តខ្លួនរហូតមក ទាំងបរិមាណ ទាំងជំនាញ ទាំងកិច្ចសហការក្នុង-ក្រៅប្រទេស ព្រមទាំងបានបង្កើតមិត្តភ័ក្រ្តជាច្រើន មកពីបណ្តាប្រទេសតូច-ធំ ដែលស្នេហាសន្តិភាព និងចង់បានសន្តិភាព។
គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិបានបញ្ជូនកងកម្លាំងសរុបចំនួន ៧,៨២៦នាក់ ក្នុងនោះមាននារីចំនួន ៤៩៤នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន ៩ មានជាអាទិ៍៖ ស៊ូដង់, ឆាដ, ស៊ូដង់ខាងត្បូង, លីបង់, សាយប្រឺស, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល និងយេមែន ដោយទទួលបានស្នាដៃដ៏ត្រចះត្រចង់៕
ដោយ៖ សូរិយា