ភ្នំពេញ ៖ នារី៣នាក់បានជិះម៉ូតូឌុបគ្នាយ៉ាងលឿនហើយស្រែកចោរៗតាមជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់នាង។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នារីទាំង៣នាក់បានជិះម៉ូតូឌុបគ្នាត្រឡប់មកពីហូបស៊ុបវិញ ដោយកាន់ទូរស័ព្ទនិយាយផង ពេលនោះក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃនារីរងគ្រោះបានសម្រេច រួចហើយបន្ថែមល្បឿនម៉ូតូដើម្បីរត់គេចខ្លួន តែត្រូវនារីរងគ្រោះជិះប្រដេញតាម និងស្រែកថា «ចោរៗ» ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ក៏ជិះម៉ូតូទៅបុកខឿនសួនច្បារបណ្តាលឱ្យដួល រួចក៏នាំគ្នារត់យករួចខ្លួន ដោយបន្សល់ទុកតែម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។
ករណីខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានជ្រោយចង្វាខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបានបន្តថា នារីរងគ្រោះទាំង៣នាក់ខាងលើនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយអ្នកទាំង៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ីរុស ពណ៌ខ្មៅ ចំណែកសម្ភារដែលបាត់បង់គឺមានទូរស័ព្ទដៃមួយគ្រឿងម៉ាក i phone8 plus ពណ៌ទឹកមាស និងកាត ATM ធនាគារមួយសន្លឹក ។
បើតាមការឱ្យដឹងពីនារីរងគ្រោះបានប្រាប់ថា មុនកើតហេតុ ពួកគាត់មានគ្នា៣នាក់ ទើបចេញពីហូបស៊ុបនៅម្តុំវត្តភ្នំហើយធ្វើដំណើរត្រឡប់ទៅផ្ទះវិញ តាមបណ្ដោយផ្លូវលេខ៤៧ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ពាក់កណ្តាលផ្លូវនារីរងគ្រោះដែលអង្គុយកណ្ដាលនោះបានកាន់ទូរស័ព្ទនិយាយ ខណៈពេលកំពុងធ្វើដំណើរមកដល់មុខមន្ទីរព្រះកេតុមាលាក៏ ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូហុងដាឌ្រីមមកពីក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទតែម្តង។
នារីរងគ្រោះបានបន្តថា ជនសង្ស័យចំនួន២នាក់នោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-9824 ធ្វើដំណើរពីក្រោយមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីរងគ្រោះ (អង្គុយនៅកណ្តាល) នោះ បានសម្រេច ហើយក៏បន្ថែមល្បឿនជិះរត់គេចខ្លួន ។
ប្រភពដដែលបន្តថា ភ្លាមៗនោះពួកនាងបានជិះម៉ូតូប្រដេញតាមជនសង្ស័យ និងបានស្រែកថា «ចោរៗ» រហូតមកដល់គល់ស្ពានជ្រោយចង្វាធ្វើឱ្យជនសង្ស័យនោះភ័យស្លន់ស្លោជិះម៉ូតូទៅបុកខឿនសួនច្បារ បណ្តាលឲ្យដួលម៉ូតូតែម្តង។
ចំណែកជនសង្ស័យទាំង២នាក់នោះក៏ងើបឡើង រួចរត់គេចខ្លួនជាមួយទូរស័ព្ទនារីរងគ្រោះចូលទៅម្តុំផ្សារតូចបាត់ស្រមោលអស់ ដោយបន្សល់ទុកតែម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ នារីរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំទៅកាន់ប៉ុស្តិ៍នគរបាលស្រះចក ដើម្បីដាក់ពាក្យបណ្ដឹង ចំណែកម៉ូតូរបស់ជនសង្ស័យវិញ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ អរុណរះ