ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុនបង្កើតកម្មវិធីតាមដាន NSO Group អាចនឹងជួបបញ្ហាជាមួយនឹងការធ្វើពាណិជ្ជកម្មរបស់ពួកគេបន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ចូលក្រុមហ៊ុននេះទៅក្នុងបញ្ជីហាមឃាត់។ ការដាក់ចូលទៅក្នុងបញ្ជីនេះមានន័យថា ក្រុមហ៊ុនអាមេរិក ឬក្រុមហ៊ុនដែលជាដៃគូរជាមួយនឹងអាមេរិក នឹងមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មជាមួយ NSO លុះត្រាតែពួកគេទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, ក្រុមហ៊ុន NSO បានបានរងការចោទប្រកាន់ថា បានផ្ដល់កម្មវិធី និងឧបករណ៍បច្ចេកវិទ្យាឱ្យរដ្ឋាភិបាលមួយចំនួនដើម្បីតាមដានសកម្មជន អ្នកសារព័ត៌មាន និងអ្នករិះគន់ផ្សេងទៀតដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល។
គួររំលឹកផងដែរថា កាលពីខែកញ្ញាកន្លងទៅក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីកែសម្រួលភាពចន្លោះប្រហោងដែលអាចឱ្យជនខិលខូចធ្វើការជ្រៀតចូលទៅគ្រប់គ្រងទូរសព្ទ iPhone តាមរយៈ FORCEDENTRY របស់ក្រុមហ៊ុនអុីស្រាអែល NSO Group បន្ទាប់ពីក្រុមហ៊ុន The Citizen Lab បានបង្ហាញពីការស្រាវជ្រាវរបស់ពួកគេទៅលើទូរសព្ទ iPhone របស់សកម្មជន ជនជាតិ អារ៉ាប៊ីសាអូឌីតម្នាក់ ហើយពួកគេគិតថាកម្មវិធី Pegasus ត្រូវបានប្រើតាំងពីខែកុម្ភៈឆ្នាំ ២០២១ មកម្ល៉េះ៕
ដោយ ៖ សិលា