ព័ត៌មានទាន់ហេតុការណ៍៖

Ibrahimovic ត្រូវបានកោះហៅឲ្យចូលក្រុមស៊ុយអែតសម្រាប់ការប្រកួតជម្រុះ World Cup ខែនេះ

ចែករំលែក៖

ខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Zlatan Ibrahimovic កាលពីថ្ងៃពុធទី៣ ខែវិច្ឆិកា ត្រូវបានកោះហៅទៅកាន់ក្រុមជម្រើសជាតិស៊ុយអែតសម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ 2022 នាពេលខាងមុខ មួយខែបន្ទាប់ពីការវិលត្រឡប់របស់តារារូបនេះទៅកាន់ក្រុមជម្រើសជាតិត្រូវបានរារាំងដោយសាររបួស។

គ្រូបង្វឹក Janne Andersson បានរួមបញ្ចូល Zlatan Ibrahimovic ដែលមានវ័យ៤០ឆ្នាំកាលពីខែមុនសម្រាប់ការប្រកួតក្រៅដីជាមួយហ្សកហ្ស៊ីនៅថ្ងៃទី១១ ខែវិច្ឆិកានិងអេស្ប៉ាញនៅថ្ងៃទី១៤ ខែវិច្ឆិកា។

ចាប់តាំងពីគាត់បានបញ្ចប់ការចូលនិវត្តន៍អន្តរជាតិរយៈពេល៥ឆ្នាំកាលពីខែមីនា Ibrahimovic ត្រូវបានជម្រើសជាតិស៊ុយអែតកោះហៅ៣ដង ប៉ុន្តែបានលេងតែ២ដងប៉ុណ្ណោះ។ គាត់បានបង្ហាញខ្លួនក្នុងវគ្គជម្រុះ World Cup ចំនួន២នៅចុងខែមីនា ដែលស៊ុយអែតឈ្នះទាំង២ ប៉ុន្តែបានដកខ្លួនចេញពីវគ្គផ្តាច់ព្រ័ត្រ Euro 2020 ក្នុងខែមិថុនា ភ្លាមៗមុនពេលការប្រកួតចាប់ផ្តើមដោយរបួសជង្គង់។

បន្ទាប់ពីត្រឡប់មកក្រុម AC Milan វិញនៅពាក់កណ្តាលខែកញ្ញា Ibrahimovic បានរងរបួសសរសៃពួររបស់គាត់ ដែលធ្វើឲ្យគាត់ចាកចេញពីការប្រកួតជម្រុះ World Cup ចំនួន២នៅចុងខែកញ្ញា។

Ibrahimovic បានត្រឡប់មក AC Milan វិញនៅពាក់កណ្តាលខែតុលា ហើយបានបង្ហាញខ្លួន៥ប្រកួតជាប់ៗគ្នា ដោយស៊ុតបញ្ចូលទីបាន២គ្រាប់។ គាត់បានស៊ុតបញ្ចូលទីគ្រាប់ទី១៥០របស់គាត់នៅ Serie A ទល់នឹង Roma កាលពីថ្ងៃអាទិត្យ។

ក្រោយ​ពី​ប្រកួត​បាន៦​លើក ក្រុមជម្រើសជាតិស៊ុយអែត​កំពុងឈរលេខ១ក្នុងពូល B មាន១៥ពិន្ទុ នាំមុខ​អេស្ប៉ាញដែលជាក្រុមលេខ២ មាន១៣ពិន្ទុ។ ក្រុមជម្រើសជាតិស៊ុយអែតនឹងត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះហ្សក់ហ្ស៊ីនៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខ វេលាម៉ោង១២កណ្តាល អធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកាក្នុងវគ្គជម្រុះ World Cup តំបន់អឺរ៉ុប ៕

ដោយ៖ ភារៈ(រូបភាព ៖ channelnewsasia.com)


ចែករំលែក៖