ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី និងសហការី បានមកធ្វើទស្សនកិច្ចសិក្សានៅតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់ ឃែរី វើលដ៍ប្រ៊ីដ ( Custom Bonded Zone and Special Economic Zone, Kerry World bridge) របស់ក្រុមហ៊ុនវើលប្រ៊ីដ គ្រុប

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី បានមកធ្វើទស្សនកិច្ចសិក្សានៅតំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់ ឃែរី វើលដ៍ប្រ៊ីដ ( Custom Bonded Zone and Special Economic Zone, Kerry World bridge) របស់ក្រុមហ៊ុនវើលប្រ៊ីដ គ្រុប ដែលមានអ្នកឧកញ៉ា សៀ ឬទ្ធី  ជាប្រធានក្រុមប្រឹក្សាភិបាល រួចបន្តដំណើរទៅពិនិត្យទីតាំងអាគារ The Kampus។ 

លោក ហ៊ុនម៉ានី បានថ្លែងថា, ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្នុងគោលដៅស្វែងយល់បន្ថែមពីសក្តានុពលនៃវិស័យដឹកជញ្ជូន និងភស្តុភារ ដែលកំពុងដើរតួនាទីសំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចជាតិឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០  និងសិក្សាពីឱកាសក្នុងការវិនិយោគធនធានមនុស្សក្នុងវិស័យនេះផងដែរ។   

ដោយផ្អែកលើអនុស្សារណៈយោគយល់រវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនវើលប្រ៊ីដគ្រុប (World Bridge Group)  ស្ថាប័ន​ទាំងពីរ បាន និងកំពុងសិក្សាគម្រោងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញនានាដល់យុវជនកម្ពុជា។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការនេះទៀតសោត នឹងផ្តល់ជាវេទិកាចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹងល្អៗ ដើម្បីជាការ​បំផុសគំនិត​ដល់​យុវជន​ក្នុងការអភិវឌ្ឍខ្លួន និងជាជំនួយស្មារតី សម្រាប់ការត្រៀមខ្លួនប្រឡូកក្នុងទីផ្សារការងារ តាមរយៈកម្មវិធីហ្វឹកហាត់ការងារជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖