ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ស្រី ម៉េង វ៉ាន់ដានីន និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បានប្រារព្ធពីធីតាមបែបប្រពៃណីសាសនា បញ្ចុះបឋមសីលាសាងសង់រង្វង់មូល “រូបសំណាក់ហ្លួងព្រះស្ដេចកន” នៅចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ និងផ្លូវប្រភេទ “ក”នៅទីតាំង”វាលឥន្ទចក្រី” ចន្លោះខាងត្បូងភូមិត្រពាំងគូរ ខាងជើងភូមិត្របុស្ស និងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។
រង្វង់មូលរូបសំណាកហ្លួងព្រះស្ដេចកន មានអង្កត់ផ្ចិត ៣៦ម៉ែត្រ និងមានផ្ទៃក្រឡា ១,០១៧ម៉ែត្រការ៉េ ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ និងគ្រោងបញ្ចប់ការសាងសង់ នាអំឡុងចុងឆ្នាំ២០២២។
រង្វង់មូលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាព របៀបរៀបរយសណ្ដាប់ធ្នាប់ សាធារណៈ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូលតំបន់រដ្ឋបាលខេត្ត និងសម្រួលដល់កាធ្វើពាណិជ្ជកម្ម។
ជាមួយគ្នានេះ រង្វង់មូលដ៍ល្អមួយនេះ បានលេចចេញជារូបរៀងឡើង ពិតជាឆ្លុះបញ្ចាំងបង្ហាញយ៉ាងច្បាស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម មានវឌ្ឍនភាពលើគ្រប់វិស័យគួរជាទីមោទន។
ជាពិសេសក្រោមការដឹកនាំរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់ បានធ្វើឲ្យសន្ទុះនៃការអភិវឌ្ឍន៍គ្រប់មូលដ្ឋាននៅក្នុងខេត្ត បាននឹងកំពុងអភិវឌ្ឍន៍កាន់តែប្រសើរឡើង ខណៈដែរការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព។
សូមជម្រាបផងដែរថា រង្វង់មូលដំកល់ “រូបសំណាក់ហ្លួងព្រះស្ដេចកន”នេះ គឺជាសមិទ្ធផលមួយថ្មី បន្ថែមលើសមិទ្ធផលជាច្រើនទៀត នៅតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំរួមមាន បុរីរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ទីរពេទ្យ សាលារៀន សួនច្បារសាធារណៈ ទន្លេសិប្បនិម្មិតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត បង្គោលភ្លើងបំភ្លឺសាធារណៈ ដាំកូនឈើ ដាំផ្កាលម្អសោភ័ណភាព .ល. ដែលត្រូវបានស្ថាបនារួច ក៏ដូចជាកំពុងស្ថាបនាសាងសង់ និងរៀបចំជាបន្តបន្ទាប់៕
ដោយ៖ សូរិយា