ភ្នំពេញ+ប៉ៃលិន៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្តប៉ៃលិន បានចាប់ខ្លួនបុរសម្នាក់ ពីបទករណីឆបោក តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ពីខេត្តប៉ៃលិន យកមករាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ឈ្មោះ ម៉ាន់ ស៊ីនឿន (MANN SINOEUN) ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ កាន់លិខិតឆ្លងដែនលេខ N១៦៨១៩១៦ មុខរបរ ជាតំណាងក្រុមហ៊ុនDLSNSDevelopment Co.,Ltd ទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្លូវ លេខ១២១ កែងផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបាន លោក រស់ សាមុឺឌី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមព្រហ្មទណ្ឌលេខៈ ៤០៥១ “ខ” ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ របស់សាលា ដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះ ម៉ាន់ ស៊ីនឿន (MANN SINOEUN) ភេទប្រុស អាយុ ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់ ០២ (ពីរ) ឆ្នាំ ពីបទ ឆបោក ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងចេញដីកាបង្គាប់ឲ្យ ចាប់ខ្លួនឈ្មោះនេះ ដើម្បីយកមកអនុវត្តទោសតាមអំណាចសាលក្រម ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង ៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានស្រាវជ្រាវឃាត់ខ្លួនពិរុទ្ធជនខាងលើ ករណីឆបោក នៅចំណុចភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០១៧ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក រស់ សាមុឺឌី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ។
សូមរម្លឹកបន្ថែមទៀតថា , កាលពីអំឡុងឆ្នាំ២០១៧ នៅចំណុច រាជធានីភ្នំពេញ ឈ្មោះ ម៉ាន់ ស៊ីនឿន ដែលជាតំណាងក្រុមហ៊ុន DLSNS Development Co.,Ltd បានមកបញ្ចុះបញ្ចូលជនរងគ្រោះ ថាក្រុមហ៊ុន DLSNS Development Co.,Ltd ជាក្រុមហ៊ុនដែលទទួលបានគម្រោងបូមខ្សាច់ និងចាក់បំពេញដីឡើង វិញ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅក្នុងភូមិកំពង់ភ្នំ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដែលមាន ផ្ទៃដីទំហំ ២,០០០ហិចតា(ពីរពាន់ហិចតា) និងជាក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងពាណិជ្ជកម្ម ទើបក្រុមហ៊ុន ត្រូវការដៃគូសហការក្នុងការងារខាងលើ គឺត្រូវការឧបករណ៍សម្ភារៈ និងបច្ចេកទេសផ្សេងៗបន្ថែមទៀត និងទំនាក់ ទំនងជាមួយអាជ្ញាធរ ដើម្បីពន្លឿនការងារនេះ។ ជនរងគ្រោះបានប្រាប់បន្តទៀតថា ចំពោះក្រុមហ៊ុនដែលចូលជាដៃគូសហការ ក្នុងការងារនេះ នៅពេលចប់គម្រោងនឹងទទួលបានប្រាក់ចំនួន ៨០%(ប៉ែតសិបភាគ រយ) និងគម្រោងស្មើនឹង ៨០០,០០០$ (ប្រាំបីរយពាន់ដុល្លាអាមេរិក) ។ ចំណែកក្រុមហ៊ុន DLSNS Development Co.,Ltd ដែលជាអ្នកទទួលគម្រោងនេះផ្ទាល់ទទួលបាន ២០% (ម្ភៃភាគរយ) ស្មើនឹង ២០០០០០$(ពីររយពាន់ដុល្ល អាមេរិក)។ បន្ទាប់មកដោយមានការជឿជាក់ទៅលើការអះអាងរបស់ពិរុទ្ធជន ឈ្មោះ ម៉ាន់ ស៊ីនឿន ទើបជនរងគ្រោះ បានយល់ព្រមសហការជាមួយក្រុមហ៊ុនមួយនេះ ក្នុងនាមជា ដៃគូសហការបូមខ្សាច់ខាងលើ។ ក្រោយពីឯកភាពគ្នា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ បានចុះអនុសារណៈ យោគយល់ ស្ដីពីការបូមខ្សាច់ជាមួយក្រុមហ៊ុន DLSNS Development Co.,Ltd បន្ទាប់មកខាងក្រុមហ៊ុន DLSNS Development Co.,Ltd ទាមទារឲ្យជនរងគ្រោះ បង់ប្រាក់កក់ចំនួន ៥០,០០០$ (ប្រាំម៉ឺនដុល្លាអាមេរិក) ជាមុនសិន ទើបដំណើរការងារខាងលើ ពេលនោះជនរងគ្រោះក៏បានយល់ព្រម និងមានធ្វើកិច្ចសន្យាប្រគល់-ទទួលប្រាក់ត្រឹមត្រូវ ដោយចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ រវាងក្រុមហ៊ុន DLSNS Development Co.,Ltd និងក្រុមហ៊ុនរបស់ជនរង គ្រោះ។ ក្រោយពីបានប្រគល់ប្រាក់កក់ឲ្យពិរុទ្ធជនឈ្មោះ ម៉ាន់ ស៊ីនឿន មួយរយៈក្រោយមកជនរងគ្រោះ ពុំឃើញខាងក្រុមហ៊ុន DLSNSDevelopment Co,Ltd ដែលបានអះអាងកន្លងមកនោះទេ ដោយមានការសង្ស័យ និងការស៊ើបរហូតបានដឹងថា ការពិតក្រុមហ៊ុន DLSNS Development Co.,Ltd ពុំមានដីចំនួន ២,០០០ហិចតា(ពីរពាន់ ហិចតា) និងគម្រោងដូចដែល ជនខាងលើនិយាយអះអាងនោះទេ ហើយព្រមទាំងមិនបានចុះបញ្ជីពាណិជ្ជកម្មទៀតផង។
សូមជម្រាបជូនថា បន្ទាប់ពីនគរបាលខេត្តប៉ៃលិន និងនគរបាលរាជធានីភ្នំពេញចាប់ខ្លួន គឺបានបញ្ជូន ពិរុទ្ធជន ឈ្មោះ ម៉ាន់ សុីនឿន ទៅអយ្យការ ហើយត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរ ធ្វើកំណត់ហេតុ និងប្រាប់ពីអំណាចសាលក្រម រួចបញ្ជូនទៅពន្ធនាគារ(មណ្ឌលកែប្រែ..(ម២)..) តាមនីតិវិធី ៕
ដោយ៖ រ៉ារ៉ា