ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០២១ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានរដ្ឋសភា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០:៣៦នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។
សូមបញ្ជាក់ថា, គឺមានដំណឹងដ៏សែនក្រៀមក្រំបំផុត ខណះថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិបញ្ញត្តិ ដែលមានស្នាដៃបម្រើប្រទេសជាតិ គឺលោក ងួន ញិល អនុ ប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពហើយ នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ។
បើយោងតាម លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជា អ្នកនាំពាក្យ រដ្ឋសភាបានបញ្ជាក់ ថា “លោក ងួន ញិល អនុ ប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពហើយ នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ នៅគេហដ្ឋានរបស់គាត់។ លោក ងួន ញិល ទទួលមរណភាពក្នុងអាយុ ៧៩ ឆ្នាំ សពតម្កល់នៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី”
សូមជម្រាបជូនថា, លោក ងួន ញិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ហើយក៏ធ្លាប់ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ១៩៨៩ -១៩៩៣ ៕
ដោយ ៖ សិលា