ខេត្តកំពង់ចាម ៖ រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីសមត្ថកិច្ចយើងបានផ្សព្វផ្សាយស្រាវជ្រាវស្វែងរកឃើញក្រុមគ្រួសារ និងអត្តសញ្ញាណម្ចាស់មធ្យោបាយខាងលើ មានឈ្មោះ ខន ធារៈ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់ចាម ដែលមានឪពុកឈ្មោះ ខន ឆេង អាយុ៥៦ឆ្នាំ មុខរបរ មេការសំណង់ និងម្តាយឈ្មោះ សែន សុខហ៊ាង អាយុ៤១ឆ្នាំ មុខរបរ មេផ្ទះ បច្ចុប្បន្នរស់នៅភូមិឃុំខាងលើ ។
ក្រោយពីការបំភ្លឺពីឪពុករបស់ជនរងគ្រោះខាងលើ បានបញ្ជាក់ថា កូនរបស់គាត់មានបញ្ហាបែកបាក់គ្រួសារ បច្ចប្បន្នជនរងគ្រោះដែលសង្ស័យថាលោតទឹកធ្វើអត្តឃាតខាងលើ ក្រុមគ្រួសារកំពុងស្វែងរក ។
សូមបញ្ជាក់ថា ៖ នគរបាលប្រកាសផ្សព្វផ្សាយព័ត៌មានស្វែករកសាច់ញាតិ ឬបងប្អូនជនរងគ្រោះឈ្មោះ ខន ធារៈ បន្ទាប់ពីមកលោតទឹកសម្លាប់ខ្លួននៅចំណុចចន្លោះបង្គោលទី១០ និង ទី១១ នៃទីតាំងស្ពានគីហ្សូណា បង្កការភ្ញាក់ផ្អេីលដល់ សមត្ថកិច្ចនៅម៉ោង២០និង៣០នាទី ថ្ងៃទី៥ ខែវិច្ចិកា ឆ្នាំ២០២១ ដោយមិនដឹងពីមូលហេតុ ។
លោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាមបានអោយដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការជាមួយគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ ហេីយបានពិនិត្យឃេីញថា ពិតជាករណីលោតទឹកសម្លាប់ខ្លួន ព្រោះនៅទីនោះមានបន្សល់ទុកមធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាក ស៊ូមើអ៊ិច ពណ៌ ទឹកក្រូចលាយស ពាក់ស្លាកលេខ កំពង់ចាម 1AA- 7187 ដោយមានកូនសោរជាប់នឹងម៉ូតូ និង មួកសុវត្ថិភាព ពណ៌ក្រហមចំនួនមួយ ។
លោកបានបញ្ជាក់ថា ក្រៅពីនោះសមត្ថកិច្ចបានរកឃេីញមាន ៖ កាបូបលុយពណ៌ខ្មៅ មានលុយខ្មែរ ចំនួន ៣០៥០០ រៀល ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០១ សន្លឹក មានឈ្មោះ ខន ធារៈ ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក អូប៉ូ(oppo) ពណ៌ខ្មៅ(ជាប់លេខកូដ) ចិញ្ចៀន០១វង់. ខ្សែក ០១ខ្សែ ក្រដាស់សរសេរសុំទោស ០១ សន្លឹក ។
លោកអធិការបញ្ជាក់បន្ថែមថា បច្ចុប្បន្នសំភារៈខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ហើយកំលាំងយើងកំពុងផ្សព្វផ្សាយព័ត៌មានស្វែករកសាច់ញាតិ និងកំពុងពិនិត្យជុំវិញទីតាំងនោះបន្ត ៕
ដោយ ៖ វណ្ណៈ