ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញបានអញ្ជើញចូលរួមអង្គកឋិនទាននៅ វត្តមុនីសុវណ្ណ ហៅចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។
អង្គកឋិនទានសាមគ្គី បានវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តលង្កាព្រះកុសុមារាម ។ ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះ សម្តេច ទ្រង់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរុងចំរើនជារៀងរហូតទៅ៕
ដោយ ៖ សិលា