ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញអមដំណើរសម្ដេចតេជោ ហ៊ុន សែន គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា នៅគេហដ្ឋានសព ស្ថិតក្នុងភូមិអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ងួន ញ៉ិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងត្រកូលកសិករ។ ឯកឧត្តមចាប់ផ្ដើមការដំបូងជាគ្រូបង្រៀននៅស្រុកសន្ទុកខេត្តកំពង់ធំ នាឆ្នាំ១៩៦៤ និងជាបន្ទាប់បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ជាឥស្សរជននយោបាយជាន់ខ្ពស់ និងកាន់តួនាទីជាអនុប្រធានទី១រដ្ឋសភារហូតដល់ទទួលមរណភាព។ 

ថ្នាក់ដឹកនាំស្ថាប័នជាតិគ្រប់លំដាប់ថ្នាក់ បានផ្ញើសារចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព និងបានអញ្ជើញគោរពវិញ្ញាណក្ខន្ធជាបន្តបន្ទាប់។ តាមកម្មវិធីបុណ្យ សពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល នឹងត្រូវដង្ហែរចេញពីគេហដ្ឋានឆ្ពោះទៅកាន់ភូមិកំណើត ភូមិត្រពាំងជ្រៃ ស្រុកបល្លង្គ ខេត្តកំពង់ធំនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១៕

ដោយ ៖ សិលា


ចែករំលែក៖