ព័ត៌មានទាន់ហេតុការណ៍៖

ប្រជ្រៀតជាន់គ្នាស្លាប់៨នាក់ក្នុងពិធីប្រគំតន្ត្រីនៅអាមេរិក

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៨នាក់ស្លាប់នៅក្នុងការប្រជ្រៀតជាន់លើគ្នានៅក្នុងពិធីប្រគំតន្ត្រី Astroworld ដែលរៀបចំឡើងនៅទីក្រុង Houston នាយប់ថ្ងៃទី៥ខែវិច្ឆិកា(ពេលវេលាអាមេរិក)។ ក្រៅពីអ្នកស្លាប់នៅមានមនុស្ស១៧ នាក់រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមាន១១នាក់សង្គ្រោះបន្ទាន់។
ស្នងការប៉ូលិសទីក្រុង Houston លោក Samuel Pena បានឲ្យដឹងថា «នៅវេលាម៉ោង២១និង១៥នាទី ហ្វូងមនុស្សបាននាំគ្នាសម្រុកទៅកាន់ទីតាំងប្រគំតន្ត្រី ធ្វើឲ្យស្ថានភាពធ្លាក់ក្នុងភាពចលាចល ក្រោយមានអ្នកដួលសន្លប់»។
ស្នងការប៉ូលិសទីក្រុង Houston បន្តទៀតថា អ្វីគ្រប់យ៉ាងគឺបានកើតឡើងយ៉ាងលឿនបំផុត ដោយនៅសុខៗមានមនុស្សជាច្រើនដួលសន្លប់ បេះដូងឈប់ដំណើរការ ធ្វើឲ្យក្រុមជួយសង្គ្រោះត្រូវធ្វើចលនាបេះដូងនៅនឹងកន្លែង។
ពិធីប្រគំតន្ត្រីនោះមានពលរដ្ឋប្រមាណ៥ម៉ឺននាក់ចូលរួម ក្នុងរមណីយដ្ឋាន NRG មានរយៈពេល២ថ្ងៃ តែថ្ងៃទី ៦ត្រូវលុបចោលក្រោយកើតហេតុខាងលើ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ៕ដោយ៖ធីរីណា

រូបថត៖Getty images.


ចែករំលែក៖