ខេត្តតាកែវ ៖ ឥទ្ធិពលនៃទឹកប្ដូរនិស្ស័យបានធ្វើឱ្យបុរសម្នាក់ដែលត្រូវជាបងថ្លៃត្រូវបានស្លាប់ដោយសារតែប្អូនថ្លៃយកកាំបិតចុងស្រួចចាក់សម្លាប់ខណៈផឹកស៊ីហើយទាស់សំដីគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២១ នៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។
សមត្ថកិច្ចបានឱ្យដឹងថាជនបង្កឈ្មោះ វី ជា ភេទប្រុសអាយុ៣៥ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ បានយកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះដែលត្រូវជាបងថ្លៃ ឈ្មោះសំរិទ្ធ ថុន ភេទប្រុសអាយុ៤០ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា ចំពីក្រោយខ្នង និងបំពង់ក បណ្ដាលឱ្យស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកអង្គរបូរី ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដែលបណ្ដាលឱ្យឈានទៅដល់មានករណីបែបនេះគឺមកពី មានជម្លោះពាក្យសំដីគ្នាបន្តិចបន្តួច ផឹកស្រាស្រវឹងខួប រាល់ថ្ងៃ។
បច្ចុប្បន្នជនដៃដល់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួនមកឃុំនៅអធិការដ្ឋាន ស្រុកអង្គរបូរីដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី។
ចំណែកឯសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សម