ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យនិងជូនដំណើរ ក្រុមជំនាញរុករក និងសង្រ្គោះគ្រោះមហន្តរាយ ៧០៥

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថ្ងៃអាទិត្យ ៣ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការយោធភូមិភាគទី៥ ឧត្តម សេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យនិងជូនដំណើរ ក្រុមជំនាញរុករក សង្រ្គោះគ្រោះមហន្តរាយ ៧០៥ ក្នុងការធ្វើយុទ្ធដំណើរទ័ព ឆ្ពោះទៅទំនប់ទឹកពហុបំណង ខេត្តបាត់ដំង ដើម្បីបន្តការហ្វឹកហ្វឺនរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯកមេបញ្ជាការ មានប្រសាសន៍ផ្ដាំផ្ញើក្នុងការយុទ្ធដំណើរនេះថា ផែនថ្មើរជើងត្រូវគោរពអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមផែនការក៏ដូចជាបទប្បញ្ញត្តិនានា ក្នុងពេលយុទ្ធដំណើរទ័ព ត្រូវរក្សាល្បឿនថេរវេលា រូបភាពជួរបណ្តោយ ជួរទទឹង និងចម្ងាយឃ្លាត រវាងបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងរវាងផែនមួយទៅផែនមួយទៀត ឱ្យបានត្រឹមត្រូវតាមការណែនាំ ត្រូវរក្សាឱ្យបានល្អនូវវិន័យ សណ្តាប់ធ្នាប់ សីលធម៌ សេចក្តីថ្លៃថ្នូររបស់កងទ័ព។ មិនត្រូវស្រែកឡូឡា ប្រឡែងគ្នានៅក្នុងផែនឬដើរគេចចេញពីផ្លូវដែលបានកំណត់ ដោយដើរផ្លូវផ្សេងដោយចិត្តឯងឡើយ។

ត្រូវយកចិត្តទុកដាក់ក្នុងការបើកបរ ដាច់ខាតរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពទាំងកម្លាំងនិងសម្ភារ គ្រឿងបំពាក់។

ត្រូវយកចិត្តទុកដាក់ស្តាប់ និងអនុវត្តតាមខ្លឹមសារលំហាត់ ក៏ដូចជាការណែនាំរបស់គ្រូជំនាញ ដើម្បីឱ្យការធ្វើលំហាត់ជាក់ស្តែងរបស់យើងបានស្ទាត់ជំនាញ និងត្រឹមត្រូវតាមបច្ចេកទេស។

ត្រូវយកចិត្តទុកដាក់រក្សាឱ្យបានល្អនូវកត្តាសាមគ្គី ឯកភាពគ្នា ត្រូវពុះពាររាល់ការលំបាកដើម្បីសម្រេចជោគជ័យ ទទួលបានលទ្ធផលល្អក្នុងការហ្វឹកហាត់។

ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាព រក្សាអនាម័យផ្ទាល់ខ្លួន និងត្រូវចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ វិធានការនានា ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ត្រូវយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមសហការអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីធានាឱ្យការធ្វើលំហាត់សម្រេចជោគជ័យតាមផែនការ។ 

ជាចុងបញ្ចប់លោកមេបញ្ជការ ក៏បានជូនពរដល់សិក្ខាកាមទាំងអស់ដែលចូលរួមធ្វើលំហាត់យុទ្ធដំណើរទ័ពនាពេលនេះ ឱ្យសម្រេចជោគជ័យ ប្រកបដោយលទ្ធផលល្អប្រសើរ៕

ដោយ៖ សូរិយា


ចែករំលែក៖