ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃី៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា,  ព្រឹកនេះ ខ្ញុំ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា  សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)  បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាព នាថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។ 

លោក ហ៊ុន ម៉ានី បានថ្លែងបន្តថា, យើងខ្ញុំទាំងអស់គ្នា ពិតជាមានការសោកស្តាយបំផុតចំពោះការបាត់បង់ដ៏ធំធេង នូវឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជា ដែលបានលះបង់ កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចក្នុងការបំពេញកិច្ចការជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តមបន្តថា, យើងខ្ញុំមិនភ្លេច និងចងចាំជានិច្ចនូវគុណូបការៈ និងគំរូវីរភាពរបស់យុវជនជំនាន់មុន ដែលជាថ្នាក់ដឹកនាំ និងឥស្សរជនបច្ចុប្បន្ន ក្នុងនោះរួមមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតផងដែរនោះ ដែលបានលះបង់ ដាក់អាយុជីវិតជាដើមទុន ក្នុងបេសកម្មរំដោះជាតិមាតុភូមិ និងការនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។ 

គំរូវីរភាព ពលិកម្ម និងសាមគ្គីភាពប្រកបដោយការតស៊ូ លះបង់របស់យុវជនជំនាន់មុន បានផ្តល់នូវអ្វីដែលយើងមាននាថ្ងៃនេះ ហើយគំរូវីរភាពនេះ បានជ្រួតជ្រៀបក្នុងទឹកចិត្ត និងស្មារតីរបស់យើងខ្ញុំគ្រប់ៗរូប និងបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់យុវជនកម្ពុជាទាំងអស់គ្នា ក្នុងការបន្តបំពេញបេសកកម្មថែរក្សា ការពារសុខសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍសង្គម និងប្រទេសជាតិទៅអនាគត៕

ដោយ ៖ សិលា


ចែករំលែក៖