ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំគណៈប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញុិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០:៣៦នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។ នៅគេហដ្ឋាននៃសពនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ លោក ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ដោយសេចក្តីសង្វេគបំផុត និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា