ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃបាននាំយកបច្ច័យមក វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាក្នុងវត្តមនោព្រហ្ម ស្ថិតនៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ និងវត្តចំនួន ៤ទៀត

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា វេលាម៉ោង ១៣:៣០នាទីម្សិលមុិញ លោករដ្ឋមន្ត្រី វេង សាខុន និងលោកស្រី ព្រមទាំងលោកថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃបាននាំយកបច្ច័យមក វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាក្នុងវត្តមនោព្រហ្ម ស្ថិតនៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ និងវត្តចំនួន ៤ទៀត គឺវត្តកោះចំប៉ា វត្តពោធិវង្ស (រវៀងលិច) វត្តព្រីងជ្រុំ និងវត្តផ្តៅជុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ស្ថិតក្នុងបរិយាកាសអំណរសាទរ សប្បាយរីករាយនៃពិធីបុណ្យកឋិនទានដែលជាប្រពៃណីជាតិ ខ្មែរ និងមានការជួបជុំពុទ្ធបរិស័តចំណុះជើងវត្តដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងធម្មការ និងសាសនា លោកប្រធានក្រុមការងារបានធ្វើការសំណេះ សំណាលខ្លីជាមួយពុទ្ធបរិស័ត សមាជិកក្រុមការងារ ព្រះសង្ឃ តាជី ដូនជីថា៖ ដោយអត្រានៃការចាក់វ៉ាក់សាំងជិតសម្រេចបានតាមគោលដៅដែលបានគ្រោងទុក និងដោយមើលឃើញពីការវិវត្តន៍នៃស្ថានភាពជាក់ស្តែងជំងឺឆ្លងកូវីដ-១៩ កាន់តែល្អប្រសើរឡើង រាជរដ្ខាភិបាលបានសម្រេចបើកសាលារៀងឡើងវិញ ហើយគ្រោងនឹងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញជាបណ្តើរៗតាម “គន្លងប្រក្រតីភាពថ្មី” ដោយត្រូវបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងគ្រប់ពេលវេលា ដោយមិនគួរធ្វេសប្រហែស បណ្តែតបណ្តោយដោយប្រការណាមួយឡើយចំពោះជំងឺឆ្លងផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ “យើងអាចភ្លេចកូវីដ ប៉ុន្តែកូវីដមិនអាចភ្លេចយើងបានឡើយ” ហើយត្រូវប្រកាន់ខ្ជាន់ ៣កុំ និង ៣ការពារ។ ជាថ្មីម្តងទៀត ឯកឧត្តមប្រធានក្រុមការងារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក លោកស្រី លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលជាបច្ច័យសម្រាប់យកមកកសាងវិស័យពុទ្ធចក្រ និងបន្តកសាងសមិទ្ធផលនានាក្នុងវត្តទាំង៥ សូមទទួលបាននូវ អនិសង្ឃ ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ជូនថា បុណ្យកឋិនទានសាមគ្គីនេះ លោករដ្ឋមន្រ្តី និងលោកស្រី ព្រមទាំងលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពុទ្ធបរិស័ទជិតឆ្ងាយបានទទួលបច្ច័យចំនួន ៩៥ ០០០ដុល្លារ សម្រាប់ប្រគេនព្រះសង្ឃវត្តមនោព្រហ្មចំនួន ៣០ ០០០ដុល្លារ វត្តកោះចំប៉ា វត្តពោធិវង្ស (រវៀងលិច) និងវត្តព្រីងជ្រុំ ដោយវត្ត នីមួយៗទទួលបាន ១៥ ០០០ដុល្លារ ដោយឡែកវត្តផ្តៅជុំទទួលបាន ២០ ០០០ដុល្លារ៕

ដោយ ៖ សិលា


ចែករំលែក៖