ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានព័ត៌មានបានចុះផ្សាយថាសមត្ថកិច្ចក្នុងខណ្ឌពោធិ៍សែនជ័យ ហាក់មើលរំលងទីតាំងល្បែងស៊ីសង ភ្នាល់មាន់ តាមប្រព័ន្ធអនឡាញ ដុះស្លែមួយកន្លែង ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល សង្កាត់ចោមចៅទី២ បានចុះទៅត្រួតពិនិត្យដល់ទីតាំងខាងលើដើម្បីមានវិធានការបង្រ្កាប។
ជាលទ្ធផលកម្លាំងបានត្រួតពិនិត្យឆែកឆេរទីតាំងខាងលើ ឃើញថាទីតាំងនោះ លបលួច ភ្នាល់មាន់តាមប្រព័ន្ធអនឡាញ ប្រាកដមែន ក្នុងប្រតិត្តការនេះសមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈមួយចំនួនដូចជា៖ កៅអីជ័រចំនួន ៣១, ទូរទស្សន៍មួយគ្រឿង, ម៉ូនីទ័រចំនួនពីរគ្រឿង, ស៊ីវីយូ ចំនួនពីរគ្រឿង, កុំព្យូទ័រ យួរដៃ ចំនួន១គ្រឿង, ម៉ូតូចំនួន២គ្រឿង យកមករក្សាទុកនៅសាលាសង្កាត់ចោមចៅទី២៕
ដោយ ៖ សិលា