ព័ត៌មានទាន់ហេតុការណ៍៖

ដល់រដូវច្រូតកាត់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវ នៅស្រុកបាទី ខេត្ដតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ ជាតិជាកូនកសិករដែលមានកំណើតកើតជាលើដែនដីជនបទ អនុស្សាវរីយ៍ជីវិតពីអតីតកាលនៅតែដិតដាមជាប់ជានិច្ចមិនអាចបំភ្លេចបាននោះឡើយ បើទោះបីពេលបច្ចុប្បន្នសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានក្លាយជាឥស្សរជនដ៏ឧត្តមរបស់ជាតិយ៉ាងណាក្តី។ ស្លាកស្នាមអនុស្សាវរីយ៍នៃជីវិតជាកសិករ ផ្សារភ្ជាប់នឹងទឹកចិត្តស្រឡាញ់អាណិតចំពោះកសិករ តែងជំរុញឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះជួយច្រូតកាត់ជាមួយប្រជាកសិករស្ទើរតែរៀងរាល់ឆ្នាំ នៅពេលរដូវច្រូតកាត់ឈានចូលមកដល់។

នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានដឹកនាំឧត្តមភរិយាមន្ដ្រីថ្នាក់ដឹកនាំ អញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវ នៅភូមិក្រាំងធ្នុង ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្ដតាកែវ។

នៅលើវាលស្រែស្រូវទុំពណ៌មាសដួលរាបស្មើលើគ្នា លាតសន្ធឹងយ៉ាងល្វឹងល្វើយ ដែលជាការបង្ហាញឱ្យឃើញនូវទិន្នផលដ៏ល្អប្រសើរសម្រាប់ដំណាំស្រូវរបស់ប្រជាកសិករ។ ស្រូវជាដំណាំដ៏មានសារៈសំខាន់ ហើយបានផ្សារភ្ជាប់នឹងជីវិត ក៏ដូចជាជីវភាពរបស់ប្រជាកសិករខ្មែរតាំងតែពីបុព្វកាល។ មានន័យថា បើផលស្រូវបានល្អប្រសើរ វាក៏នឹងជួយឱ្យជីវភាពប្រជាកសិករល្អប្រសើរផងដែរ។

ជំនោរខ្យល់ត្រជាក់ ក្រោមពន្លឺព្រះទិនករនាពេលអរុណោទ័យចាំងរស្មីពណ៌មាស ចាំងឆ្លុះនឹងស្មាមញញឹមដ៏ពព្រាយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅពេលបានឃើញនូវផលស្រូវដ៏សែនត្រកាលក្នុងវាលស្រែ។ ស្នាមញញឹម គឺបានស្តែងឱ្យឃើញនូវទឹកចិត្តដ៏សែនរីករាយនៅពេលបានរំលឹកដល់ជីវភាពជាកុលធីតាកសិករនាអតីតកាល និងស្តែងនូវទឹកចិត្តរីករាយជាមួយប្រជាកសិករ ដែលទទួលបានទិន្នផលល្អសម្រាប់ជាទីពឹងពាក់នៅក្នុងជីវិត។

ជាមួយស្នាមញញឹមដ៏ពព្រាយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧត្តមភរិយាថ្នាក់ដឹកនាំដទៃទៀត បានរួមគ្នាចុះស្រែច្រូតស្រូវអស់ជាច្រើនស្រែដោយក្តីរីករាយ និងហាក់គ្មានការនឿយហត់អ្វីឡើយ។ ថ្វីដ្បិតតែសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឧត្ដមភរិយាថ្នាក់ដឹកនាំកំពូលរបស់ជាតិ តែសម្តេចជាកុលស្ត្រីមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅក្នុងជីវភាពជាកសិករ ស្រលាញ់ការដាំដុះបន្លែផ្លែឈើ និងធ្វើស្រូវស្រែ។

ការចុះជួយច្រូតស្រូវរបស់ប្រជាកសិករពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧត្តមភរិយាថ្នាក់ដឹកនាំជាតិនាព្រឹកមិញនេះ បានរួមចំណែកសម្រាលនូវការលំបាកមួយចំនួនសម្រាប់ប្រជាកសិករផងដែរ។ ប្រជាកសិករ បានសម្តែងនូវក្តីរំភើបរីករាយ និងស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧត្តមភរិយាថ្នាក់ដឹកនាំដទៃទៀត ដែលនៅតែផ្សារភ្ជាប់ជីវិតជាមួយកសិករ។ កាយវិការនេះ គឺជាលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្តប្រឹងប្រែងក្នុងការដាំដុះ ធ្វើស្រែចម្ការ ដែលជាប្រភពទ្រទ្រង់ស្បៀងដ៏សំខាន់សម្រាប់កម្ពុជា។

លោកអភិបាលខេត្ត អ៊ូច ភា អភិបាលខេត្តតាកែវ បានឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២១-២០២២ មានផ្ទៃដីចំនួន ៦៧,៩៤១ហិកតា ហើយផ្ទៃដីច្រូតកាត់បានចំនួន ៦៧,៩៤១ហិកតា ស្មើ ១០០%។

គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្រូវប្រមាណ ៨៦២,៤១៨តោន ត្រូវបាននាំចេញទៅប្រទេសជិតខាង៕

ដោយ ៖ សិលា


ចែករំលែក៖