ភ្នំពេញ ៖ នារសៀលថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ សមាជិកក្រុមប្រឹក្សាខណ្ឌ និង មន្ត្រីក្រោមឱវាទ បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកស្រី ស៉ី តូន អតីតចៅសង្កាត់ផ្សារថ្មីទី១ និងជាអនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាពជាតិឃុំសង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលមរណៈភាពនៅវេលាម៉ោង ១១:១៥នាទី នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
រមណៈភាពរបស់ លោកស្រី មិនត្រឹមជាការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណ ជាមាតាបង្កើត មាតាក្មេក ជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាបំផុតនោះទេ តែក៏ជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូប ដែលបានលះបង់កម្លំាងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ជារៀងរហូតមក ។
លោក អភិបាល តំណាងឱ្យ ក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសេចក្ដីសង្វេគជាទីបំផុត ជាមួយ ក្រុមគ្រួសារនៃសព និងបានលំឱនកាយវាចាចិត្តឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកស្រី សូមឱ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត ឡើយ៕
ដោយ ៖ ស តារា